សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ពិធីបើកសន្និសីទថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»

ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ និងអន្តរជាតិ ឯកឧត្តម ប្រធានវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ លោក លោកស្រី អ្នកនាងកញ្ញា និងអង្គសន្និសីទ ទាំងមូល ជាទីមេត្រី ! ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពីធីបើកសន្និសីទ ថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលបានប្រារព្ធឡើងយ៉ាងឱឡារិកនាឱកាសនេះ។ នេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ដើម្បីលើកកម្ពស់ការងារវិស័យសុខាភិបាលនៅក្នុងកម្រិតតំបន់។ អង្គសន្និសីទនេះបានផ្តល់ឱកាសឱ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងក្រសួងសុខាភិបាលកម្ពុជា រួមទាំងប្រទេសជាសមាជិកក្នុងតំបន់ រួមមានប្រទេសចិន ភូមា ថៃ ឡាវ និងវៀតណាម ព្រមទាំងដៃគូនានា ដូចជាវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ តំណាងអង្គការសុខភាពពិភពលោក តំណាងយូនីតៃដ និងតំណាងនគរបាលអន្តរជាតិប្រចាំតំបន់ បានរួមគ្នាពិនិត្យពិភាក្សារកដំណោះស្រាយ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាពដែលជាបញ្ហាសកល ហើយកំពុងកើតមានក្នុងតំបន់ និងក្នុងមហាអនុតំបន់មេគង្គ។ ជាការពិត ឱសថត្រូវបានចាត់ទុកជាផ្នែកសំខាន់មួយនៃប្រព័ន្ធការពារ និងព្យាបាលសុខភាពប្រជាជនដែលមិនឤចខ្វះបានក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែវត្តមានឱសថក្លែងក្លាយ និងអន់គុណភាព បានបង្កគ្រោះថ្នាក់ខ្ពស់ដល់សុខភាព សុវត្ថិភាពសង្គម និងធ្វើឱ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន បញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព កំពុងរីករាលដាលគួរឱ្យព្រួយបារម្ភ។ ក្នុងនោះផលិតផលឱសថមួយចំនួនកំពុងធ្វើឤជីវកម្មតាមប្រព័ន្ធអនឡាញ…

Details