សារតាមហ្វេសប៊ុកផេច ស្តីពីការធ្វើតេស្តអវិជ្ជមាន កូវីដ១៩ ជាលើកទី ៣

នៅព្រឹកថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាក(របស់ខ្ញុំ និងភរិយា ព្រមទាំងអ្នកនៅបំរើការក្នុងផ្ទះរបស់ខ្ញុំ)ទៅធ្វើតេស្តជាលើកទី ៣។ ជាលទ្ធផល ទាំងខ្ញុំ និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញ គឺ(មានលទ្ធផល)អវិជ្ជមាន កូវីដ-១៩ ទាំងអស់។

ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តរបស់បងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយ ព្រឹត្តិការណ៍ ៣ វិច្ឆិកាហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី ១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី ៤ និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថា​ ទាំងខ្ញុំ និងភរិយា ព្រមទាំងបងប្អូនប្រមាណជាង ១០០០ នាក់ ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី ៤ វិច្ឆិកា ២០២០ នឹងមានលទ្ធផលអវិជ្ជមាន ដែលនឹងធ្វើឱ្យការព្រួយបារម្ភអំពី កូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងដែលអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។

ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបារម្ភអំពីសុខភាព និងជូនពរដល់ខ្ញុំនិងភរិយា៕