សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅ តំបន់អូរដឹម

ចែករំលែកនូវពរជ័យ បានពីការបួងសួង ដំបូង អនុញ្ញាតអោយខ្ញុំសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះក្មួយៗកម្មករ/ការិនី ថ្នាក់ដឹកនាំ សហជីព ក៏ដូចជាម្ចាស់រោងចក្រ។ សូមឆ្លៀតយកឱកាសនេះ តាមរយៈនៃពិធីបួងសួងសុំសេចក្ដីសុខ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើ(កាលពី)ប៉ុន្មានថ្ងៃមុននេះ នៅឯអង្គរវត្ត (ខេត្តសៀមរាប) ខ្ញុំសុំ យកឱកាសនេះ ដើម្បីចែករំលែកនូវពរជ័យទាំងឡាយ ដែលទទួលបានពីការបួងសួងនេះ ជូនចំពោះ ក្មួយៗ កម្មករ/ការិនី និងអ្នកចូលរួមទាំងអស់ សូមបានប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន និងពរ ទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ អរគុណចំពោះម្ចាស់រោងចក្រទាំងឡាយ ឲ្យកម្មករឈប់សម្រាកក្រោយជំនួប ​ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់។ អម្បាញ់មិញ មិនមានការចាំបាច់ដើម្បីអោយខ្ញុំធ្វើ ការស្នើសុំទៅ ម្ចាស់រោងចក្រទៀតទេ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានធ្វើការទំនាក់ទំ នងជាមួយនឹងម្ចាស់រោងចក្ររួចស្រេចទៅហើយ។ បន្ទាប់ពីជំនួបជាមួយគ្នានេះទៅ ក្មួយៗនឹងទទួលបាន នូវការសម្រាកនៅពេលល្ងាចនេះ ដោយទទួលបានបៀវត្ស(ធម្មតា)។ ការជួបជុំរបស់យើង ក៏អាចចាត់ទុក ថា ជាថ្ងៃនៃការរីករាយមួយ ដោយម្ខាងគឺយើងបានរួមគ្នាមកជួបជុំ ដើម្បីសំណេះសំណាលជាមួយគ្នា…

Details