សុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០១៨ នៅប្រទេសនេប៉ាល់ (វាយជាអក្សរ ចម្លងតាមសម្លេងទាំងស្រុង)

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ជាកិច្ចចាប់ផ្តើម ខ្ញុំសូមសម្តែងអំណរគុណដ៏ជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជននេប៉ាល់ ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជា និងរូបខ្ញុំផ្ទាល់ ក្នុងឱកាសទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់យើងខ្ញុំ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០១៨ នេះ។ ប្រធានបទនៃកិច្ចប្រជុំកំពូលនាពេលនេះ ពោលគឺការដោះស្រាយបញ្ហាប្រឈមសំខាន់ នៃយុគ្គសម័យរបស់យើង ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសកល ពិតជាមានសារសំខាន់ខ្លាំងណាស់​សម្រាប់យើងទាំង​​អស់គ្នានៅក្នុងយុគ្គសម័យថ្មីនេះ។ បច្ចុប្បន្ន ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នាជាប្រព័ន្ធ និងជាលទ្ធផលនៃការផ្លាស់ប្តូររចនាសម្ព័ន្ធពិភពលោក ដូចជា សង្គ្រាមពាណិជ្ជកម្ម ភាពក្រីក្រ អំពើភេរវកម្ម ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង ការធ្លាក់ចុះ និងការ​បាត់បង់សីលធម៌រស់នៅ ការផ្លាស់ប្តូរលំនៅដោយបង្ខំ គ្រោះមហន្តរាយធម្មជាតិ ការរត់ប្រណាំងសព្វាវុធជាដើម ដែល​កំពុងគំរាមកំហែងដល់ការអភិវឌ្ឍសន្តិសុខ និងភាពសុខដុមរមនារបស់ពិភពលោក។ ប្រការនេះតម្រូវឲ្យយើងប្រកាន់យកនូវអភិក្រមបរិយាប័ន្ន និងគ្រប់ជ្រុងជ្រោយ ទាំងក្នុងការសន្ទនាពិគ្រោះយោបល់ និងចំណាត់ការជាក់ស្តែង​ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះឲ្យមានប្រសិទ្ធភាព។ ក្នុងន័យនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហព័ន្ធ​សន្តិភាពសកល និងរដ្ឋាភិបាលនេប៉ាល់ ក៏ដូចជាការគាំទ្រអង្គការសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះឡើង ព្រមទាំងសូមស្វាគមន៍ការចូលរួមលើកដំបូងពីសំណាក់សហគមន៍អន្តរជាតិ សមាជិកសភាដើម្បីសន្តិភាព និងសមាគមសាសនាដើម្បីសន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្តម…

Details

ប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយយុវជន សិស្ស និស្សិត ដែលកំពុងសិក្សានៅប្រទេសតួគី

អាចបោះបង់កម្មវិធីផ្សេងបាន ប៉ុន្តែមិនបោះបង់កម្មវិធីជួបនិស្សិត និងបងប្អូនខ្មែរនៅបរទេស ខ្ញុំពិតជាមានការរីករាយ ដែលបានជួបជាមួយនឹងក្មួយៗ ដែលបានទទួលការបណ្ដុះបណ្ដាលនៅសាធារ​ណ​រ​ដ្ឋតួគី។ ដូចដែលខ្ញុំធ្លាប់បានប្រកាសជារឿយៗថា​ បើទោះបីជាបោះបង់ចោលកម្មវិធីមួយចំនួនក៏អាចបោះបង់បាន ប៉ុន្តែការបោះបង់ចោលការជួបពលរដ្ឋខ្មែរនៅបរទេស រួមមានទាំងនិស្សិតផង គឺមិនបោះបង់ចោលទេ។ ដូច្នេះ នៅគ្រប់ទីកន្លែងដែលខ្ញុំធ្វើដំណើរទៅ ខ្ញុំតែងឆ្លៀតពេលជួបនិស្សិតរបស់យើង ដែលកំពុងសិក្សានៅឯក្រៅប្រទេស ហើយនៅប្រទេសដែលមានប្រជាពលរដ្ឋរបស់យើងរស់នៅ ក៏ឆ្លៀតជួបទាំងប្រជាពលរដ្ឋ និងទាំងនិស្សិត។ ២៤ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-តួកគី ១៩៩៤-២០១៨ ថ្ងៃនេះ ក្មួយៗបានជួបពូ យើងជួបគ្នានៅប្រទេសតួគី អាចចាត់ទុកថា នេះជាប្រវត្តិដ៏សំខាន់ … ដំបូងយើងត្រូវនិ​យាយថា ជាលើកទីមួយ ដែលមានការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់បែបនេះ។ ក្នុងប្រវត្តិនៃទំនាក់ទំនង បើយើងគិតពីការដាក់ទំនាក់ទំនងការទូត(ជាមួយតួគី)នៅឆ្នាំ ១៩៩៤ រហូតមកដល់ពេលនេះ គឺមានរយៈពេល ២៤ ឆ្នាំ។ ហើយឆ្នាំក្រោយ គឺខួបលើកទី ២៥ ឆ្នាំ នៃការដាក់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងរយៈពេលនេះ គឺជារយៈពេលដែលនាយករដ្ឋមន្រ្តីឈ្មោះ ហ៊ុន សែន របស់កម្ពុជា ទស្សនកិច្ចនៅប្រទេសតួគី​ បន្ទាប់ពីទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន (មក)ទស្សនកិច្ចដើម្បីមកធ្វើការរៀប​ចំ​ទុកជាមុន។ ឆ្នាំក្រោយ នឹងមានការបើកស្ថានទូតនៅអង់ការ៉ា…

Details

សន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបពិសេស ជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន

ដំបូង ខ្ញុំសូមថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឯកឧត្តម អាបេ ដែលបានថ្លែងពាក់ព័ន្ធជាមួយជំនួបអម្បាញ់មិញនេះ។ ខ្ញុំពិតជាមានការរីករាយ ដែលបានមកទស្សនកិច្ចសាជាថ្មីម្តងទៀត  ចំខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា ជាមួយជប៉ុន។ វាសារសំខាន់ខ្លាំងណាស់នៅក្នុងការកសាងនូវទំនាក់ទំ​នង​នេះ តាមរយៈនៃការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់។ កាលពីឆ្នាំកន្លងទៅនេះ ខ្ញុំក៏មកទស្សនកិច្ចនៅទីនេះ ហើយថ្ងៃនេះជាថ្មីម្តងទៀត យើងទស្សនកិច្ចដើម្បីពង្រឹងចំណងទាក់ទងរបស់យើងក្នុងភាពជាដៃគូយុទ្ធ​សាស្ត្រ។ ខ្ញុំជាមួយឯកឧត្តម អាបេ បានពិភាក្សាគ្នា​យ៉ាងស៊ីជម្រៅទៅលើទំនាក់ទំនង ក៏ដូចជាបញ្ហាអន្តរជាតិ និងបញ្ហាតំបន់មួយចំនួនទៀត។ ចំណុចទាក់ទងជាមួយនឹងកម្ពុជា ខ្ញុំពិតជាមានការពេញចិត្ត ជាមួយនឹងអ្វីដែលឯកឧត្តម អាបេ បានលើកឡើងទាក់ទងនឹងការអញ្ចើញយុវជន អ្នកដឹកនាំវ័យក្មេងនៃបណ្តាបក្សនយោបាយ ក៏ដូចជាស្ថាប័នយុត្តិធម៌ ព្រមទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមកទស្សនកិច្ចដកពិសោធន៍នៅប្រទេសជប៉ុន។ នេះជាវិធីសាស្ត្រនៃការកសាងលទ្ធិប្រជាធិបតេយ្យសម្រាប់អនាគតវែងឆ្ងាយរបស់កម្ពុជា។ អ្នកនយោបាយចាស់ៗ អាចផុតទៅ ក៏ប៉ុន្តែសម្រាប់អ្នកនយោបាយក្មេងៗ គេអាចកសាង​វប្បធម៌ប្រជាធិបតេយ្យមួយរយៈពេលយូរ ហើយមានសុខដុមរមនាជាមួយគ្នាផងថែមទៀត។ នៅក្នុងពេលចរចា ខ្ញុំក៏បានស្នើសុំឯកឧត្តម អាបេ ដើម្បីបន្តការជួយគាំទ្រទៅដល់ការបោះឆ្នោតនៅកម្ពុជាជាបន្តទៀត ព្រោះការបោះឆ្នោតនៅកម្ពុជា មិនមែនគ្រាន់តែធ្វើ ដូចរយៈពេលបញ្ចប់នៅឆ្នាំ ២០១៨ ទេ យើងត្រូវធ្វើតាមការកំណត់តទៅទៀត។ ដូចជាពេលបច្ចុប្បន្ននេះ យើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលក្នុងមួយឆ្នាំៗ ត្រូវធ្វើមួយដង។ នោះហើយដែលជាលទ្ធផលសម្រាប់ឈានទៅ​រកដំណើរការប្រជាធិបតេយ្យជាបន្តទៀតរបស់យើង។ នៅថ្ងៃស្អែក នឹងមានការប្រជុំរវាងជប៉ុនជាមួយមេគង្គ។ ខ្ញុំគិតថា ប្រហែលជាលើកដំបូង ដែលបណ្តា​​ប្រ​ទេសមេគង្គស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមទាក់ទងនឹងតំបន់ប៉ាស៊ីហ្វិកសេរី…

Details