សេចក្តីដកស្រង់ប្រសាសន៍ក្នុងសង្កថា ក្នុងពិធីសម្ពោធវិហារឥស្លាម ជើមៀក

… ថ្ងៃនេះ ខ្ញុំពិតជាកា​រ​សប្បាយរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​នូវវិហារ​ឥស្លាម​​ជើមៀក​​ដែលស្ថិត​នៅ​មិន​ឆ្ងាយពីទីក្រុងកំពង់ចាមរបស់យើង​។ អ្វីដែលជាមោទនភាពធំបំផុតរបស់ខ្ញុំ នៅត្រង់​ថា​ យើងបានសម្រេច​លទ្ធផល​ពីជំហានមួយទៅកាន់ជំហានមួយ។ យោងទៅតាមប្រវត្តិ នៃវិហារជើមៀក សម្ដេច ហេង សំរិន កាលពីអតីតកាល ធ្លាប់បានមកសម្ពោធដាក់ឲ្យប្រើប្រាស់ម្ដងរួចទៅហើយ។ ក៏ប៉ុន្តែរយៈ​ពេល​នោះ​ប្រ​ទេសរបស់យើងមានភាពក្រីក្រ​ ជួបការលំបាក យើងក៏ត្រូវធ្វើតាមដំណាក់កាលនោះ។ ​ឥឡូវក្នុង​ស្ថានភាព​ថ្មី ព្រះវិហារនេះក៏ត្រូវធ្វើតាមរបៀបថ្មីដែរ។ ម៉្យាងទៀត ខ្ញុំក៏ចង់ជម្រាបជូនឯកឧត្តម លោកជំទាវ អស់​លោក លោក​ស្រី និងបងប្អូនថា នៅទីកន្លែងដែលយើងកំពុងអង្គុយនៅទីនេះ បានបុកគ្រឹះសម្រាប់សង់សាលា​ ៣ ជាន់ ១៨ បន្ទប់​សំរាប់ការសិក្សា បន្ទាប់ពីយើងបញ្ចប់ការសម្ពោធនេះទៅ អគារសិក្សា ១ ខ្នងដែលផ្ដល់​ដោយ​​ខ្ញុំ ហើយ​កង​វិស្វកម្មរបស់ខ្ញុំក៏បានចូលមកសាងសង់នៅទីនេះ នឹងកើតចេញជារូបរាង​ជាមួយ​នឹង​អគារ​ខ្ពស់​ស្កឹមស្កៃនៅ​ខាង​​មុខនេះផងដែរ។ ខ្ញុំពិតជាមានការរីករាយដល់ថ្ងៃនេះ ឯកឧត្តម លោកជំទាវ​ ដែលបាន​អញ្ជើញ​​មកពីបណ្ដាប្រទេសនានា ហើយ​ក៏មានអគ្គរដ្ឋទូត(ម៉ាឡេស៊ី)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញចូលរួម​ផងដែរ ជានិមិត្តរូបឲ្យ​ឃើញ​​អំពី​ការយកចិត្តទុកដាក់ និងសាមគ្គីភាពនៅក្នុងចំណោមសហគមន៍ឥស្លាម មិនត្រឹម​តែក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែយើងស្ថិតនៅក្នុងចរន្ដរួម។ ម្យ៉ាងទៀត​ ថ្ងៃ​នេះ បងប្អូនថ្នាក់ដឹកនាំឥស្លាមនៅទូទាំងប្រទេស​អញ្ជើញ​មក​ពី​ទីកន្លែងនានា ក៏បានមកកាន់ទីនេះ ដើម្បីចូលរួម​ទទួល​យកសមិទ្ធផលសម្រាប់ជាទីសក្ការៈបូជា​របស់សាស​និក​ឥស្លាម ដែលខ្ញុំគិតថានេះគឺជារឿងគប្បីដែល​យើងត្រូវធ្វើ។ រាជរដ្ឋាភិបាលកម្ពុជាជោគជ័យ ក្នុងការអនុវត្តគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍…

Details