ការដកស្រង់សេចក្តីអធិប្បាយ ពិធីចែកសញ្ញាបត្រនិស្សិតអធិការអប់រំ និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអប់រំ គ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ

វឌ្ឍនភាព នៃវិទ្យាស្ថានជាតិអប់រំ ថ្ងៃនេះ ខ្ញុំមានការរីករាយ ដែលបានមកជួបជុំនិស្សិតរបស់យើង មុនពេលចាកចេញទៅកាន់ការងាររៀងៗខ្លួន ហើយបើពិនិត្យមើលអំពីការបរិច្ឆេទ ដែលខ្ញុំមកកាន់ទីនេះ សម្រាប់តែផ្នែកគរុកោសល្យ ចាប់តាំងពីឆ្នាំ ១៩៩៦ មក នេះជាលើកទី ២០។ ដោយមិនគិតអំពីការចូលរួមជាមួយនឹងការចែកសញ្ញាបត្រអោយសាលាដទៃទៀត ដែលមកខ្ចីអគារនេះដំណើរការ ហើយក៏មិនគិតអំពីដំណាក់កាលឆ្នាំ ១៩៧៩-១៩៩៦ ទេ។ ពិនិត្យឡើងវិញអំពីតួនាទី នៃវិទ្យាស្ថានជាតិអប់រំ ដែលមុននេះ យើងហៅថា សាលាគរុកោសល្យ ដែលចាប់ផ្ដើមប្រមូលគ្រូបង្រៀនមកធ្វើការបណ្ដុះបណ្ដាលនៅទីនេះ ខ្ញុំពិតជានៅចងចាំបានថា ក្នុងស្ថានភាពមួយដ៏លំបាកកាលពីពេលនោះ ក៏ប៉ុន្តែ មន្រ្តីអប់រំរបស់យើងកាលពីពេលនោះ បានប្រមូលផ្ដុំគ្នាបង្កើតឡើងនូវការរៀបចំការបណ្ដុះបណ្ដាលគ្រូនៅទីនេះ។ បន្ទាប់មកទៀត សម្រាប់អគារនេះ ខ្ញុំនៅតែនឹកស្រមៃអំពីកាលដែលខ្ញុំមកចែកសញ្ញាបត្រម្ដងៗ យើងទៅជួលរោងការគេទេ យកមកធ្វើជារោងសម្រាប់ការចែកសញ្ញាបត្រអោយនិស្សិតរបស់យើង។ បន្ទាប់ទៅ ខ្ញុំជាមួយនឹង ឧកញ៉ា ម៉ុង ប្ញទ្ធី ក៏បានធ្វើ ដែលគេហៅថា ដំបូលទូក។ អាហ្នឹងដាក់សំណាញ់ជុំវិញ ដំបូលដែក។ ដល់ឆ្នាំ ២០០៦(យើងបានធ្វើអគារនេះ) អញ្ចឹងអាយុកាលរបស់វា ១២ ឆ្នាំហើយ។ យើងទទួលបានផលប្រយោជន៍មែន សម្រាប់ការសិក្សារបស់និស្សិតនៅទីនេះផង ហើយសាលានានាក៏បានមកខ្ចី(ដើម្បីចែកសញ្ញាបត្រ)នៅកន្លែងនេះផងដែរ។ បន្ទាប់ទៅ ខ្ញុំដូចជាបានធ្វើ(អគារ)នៅសាលាភូមិន្ទកសិកម្មចំការដូងមួយទៀត…

Details