ដកស្រង់ប្រសាសន៍សំណេះសំណាលជាមួយនឹងមន្រ្តីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម័្ពន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ

ដំបូងខ្ញុំសូមស្វាគមន៍ចំពោះវត្ដមានរបស់សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នៅក្នុងឱកាសនៃការជួបជុំរបស់យើងនេះ។ ចំណាយពេលជាង ៧ ខែ សម្រេចបានការសាងសង់ ៩៤% នៃផ្លូវ ៣៤ ខ្សែ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីបានដឹងហើយថា វត្តមានរបស់ខ្ញុំសំដៅធំបំផុតគឺការពិនិត្យលទ្ធផលនៃការអនុវត្ដការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនៅទីក្រុងព្រះសីហនុរបស់យើង។ ព្រឹកមិញ ដូចជាមានអង្គប្រជុំមួយអញ្ចឹង ប៉ុន្ដែអង្គប្រជុំសម័យកូវីដ គឺជាអង្គប្រជុំមិនចាំបាច់ជួបមុខគ្នាទេ។ មានការឧទ្ទេសនាមពីខាងក្រោយ ហើយពីខាងមុខគឺស្ដាប់ ក្នុងពេលដែលយើងជិះរថយន្ដ ហើយបទឧទ្ទេសនាមនានា ត្រូវបានផ្សាយចេញពីអ្នកឧទ្ទេសនាមម្នាក់ដើម្បីឱ្យយើងបានដឹង។ អញ្ចឹងទេ គិតពីថ្ងៃបើកការដ្ឋានមកដល់ថ្ងៃនេះ ពីខែវិច្ឆិការហូតមក គឺមានរយៈពេលប៉ុន្មានខែ(?)តាមធម្មតា ប្រសិនបើយើងធ្វើផ្លូវ តាមស្ដង់ដាផ្សេង ស្ដង់ដាសម័យដើម ឬហៅថាស្ដង់ដាប្រពៃណី យើងត្រូវប្រើពេលរាប់ឆ្នាំទម្រាំនឹងបានប៉ុណ្ណេះ ដោយសារត្រូវចាក់ដី បំពេញនេះបំពេញនោះ។ អញ្ចឹងទេ ផ្លូវមួយខ្សែៗ គឺត្រូវប្រើពេល ៣ ទៅ ៤ ឆ្នាំ ទើបអាចសម្រេចបាន។ ប៉ុន្ដែឥឡូវនេះ សម្រាប់យើង គឺកសាងក្នុងរយៈពេលមិនជាយូរប៉ុន្មានទេ។ ប្រសិនបើគិតពីខែវិច្ឆិការហូតមកដល់ពេលនេះដើមខែមិថុនា គឺមានរយៈពេល ៧ ខែ…

Details