ការដកស្រង់សេចក្តីអធិប្បាយ ពិធីចែកសញ្ញាបត្រសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា

សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! វឌ្ឍនភាពនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្ដងទៀត ជាមួយនឹងសាកល​វិទ្យាល័យ​ឯក​ទេស នៃកម្ពុជា ដើម្បីចែកជូនសញ្ញាបត្រ សម្រាប់និស្សិត ចំនួន ៥.៨០៨ ហើយដែលចាត់ទុកថា ជាចំនួនមួយ​ដ៏​ច្រើន ដែលប្រមូលផ្ដុំមកពីរាជធានីភ្នំពេញ និងសាខានៅតាមខេត្តផងដែរ។ ខ្ញុំព្រះករុណាខ្ញុំ យល់ឃើញថា នេះ​គឺជាផ្នែកដ៏សំខាន់មួយ ដែលប្រទេសជាតិរបស់យើងទទួលបាន នៅក្នុងការបណ្ដុះបណ្ដាលធនធាន​មនុស្ស តាមរយៈនៃសាកលវិទ្យាល័យឯកទេស នៃកម្ពុជា។ ឯកឧត្តម ស្តើង សុខុម សាកលវិទ្យាធិការ​បាន​ធ្វើ​របាយ​ការណ៍អម្បាញ់មិញ ទាក់ទងជាមួយនឹងវឌ្ឍនភាព នៃដំណើរការ នៃសាកលវិទ្យាល័យ ដែលនោះ​ចាត់​ទុក​ថា ជានិរន្តរភាព និងការវិវឌ្ឍរីកចម្រើន រីកធំធាត់ នៃសាកលវិទ្យាល័យ ចាប់តាំងពីពេលចាប់​កំណើត​រហូត​មកដល់ពេលនេះ។ អត្រាសិស្សមានការធ្វើខ្ពស់ បង្ហាញពីគុណភាព នៃការសិក្សា អនុញ្ញាតអោយ ខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ ដើម្បីសំដែងជូននូវការកោតសរសើរ ចំពោះជោគជ័យរបស់​ក្រុម​ប្រឹក្សា​ភិបាល របស់គណៈគ្រប់គ្រងរបស់សាស្រ្តាចារ្យ ដែលបានខិតខំជាមួយនឹងការបង្ហាត់បង្ហាញ…

Details