សន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃប្រតិបត្តិការរុករក និងសង្គ្រោះ ជនរងគ្រោះ ពីគំនរអគារ ៧ ជាន់នៅខេត្តកែប

• “… ប្រតិបត្តិការនេះប្រើពេលយូរ រហូតទៅដល់ ៤៣ ម៉ោង។ ប៉ុន្តែ ខ្ញុំបានដាក់ចេញនូវបទបញ្ជាសម្រាប់សង្គ្រោះនៅទីនេះ គឺទី ១ ត្រូវឱ្យអាទិភាពខ្ពស់ទៅលើការសង្គ្រោះជីវិតមនុស្ស … ដូច្នេះហើយ នៅពេលដែលយើងរុករកឃើញមានសញ្ញាណាមួយដែលមិនប្រក្រតី ហើយដែលអាចសង្ស័យថាមានមនុស្ស យើងត្រូវតែបញ្ឈប់នូវគ្រឿងចក្រទាំងឡាយ ហើយប្រើដោយមធ្យោបាយផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើទៅបាន … ទី ២ គឺគោរពទៅដល់សាកសព បើទោះបីជាពួកគាត់បានស្លាប់ទៅហើយ តែយើងត្រូវតែធានាថា សាកសពទាំងនោះមិនត្រូវបានពុះជ្រៀកដោយសារគ្រឿងចក្ររបស់យើងទេ …”

• “… ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការអរព្រះគុណចំពោះព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្តេចម៉ែជាទីសក្ការៈ ដែលព្រះអង្គតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជារាស្ត្ររបស់ព្រះអង្គ ដែលរាប់ទាំងការចូលរួមវិភាគទានជាថវិកា … មកជូនរាជរដ្ឋាភិបាលដើម្បីបន្តផ្តល់ជូនទៅដល់ជនរងគ្រោះ។ អរគុណចំពោះស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងអរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមវិភាគទាន … ខ្ញុំចង់សម្តែង(អំណរគុណ)ខ្លាំងជាងគេ គឺកម្លាំងប្រតិបត្តិការនៅទីនេះផ្ទាល់តែម្តង ដែលខ្ញុំចាត់ទុកថា ជាបង្អែកនៃកម្លាំងរបស់ជាតិរបស់យើង ដែលខ្ញុំមានមោទនភាពខ្លាំងណាស់ … យើងត្រូវរៀបចំផែនការហ្វឹកហាត់បន្ថែម …”

• “… មានអ្នកវាយសារចូលមកក្នុង WhatsApp និង Telegram របស់ខ្ញុំ ធ្វើការស្តីបន្ទោសអ្នកនេះ/អ្នកនោះ ត្រូវការដកអ្នកនេះ/អ្នកនោះ ក្នុងពេលដែលយើងជាប់ជំពាក់អំពីអ្វីដែលជាការគិតដំបូងបំផុត គឺបញ្ហាសង្គ្រោះជីវិតរបស់ពលរដ្ឋរបស់យើង … ដើម្បីចៀសវាងនូវការសង្ស័យណាមួយ អភិបាលខេត្តកែប និងមន្ត្រីក្នុងខេត្ត មិនត្រូវបានដកចេញពីតំណែងទេ … ខ្ញុំនឹងពិនិត្យមើលមន្ត្រីដែលវាយចូលក្នុង WhatsApp របស់ខ្ញុំ និងការបង្ហោះតាមហ្វេកប៊ុកមួយចំនួន ដើម្បីខ្ញុំចាត់ការទៅថ្ងៃក្រោយដើម្បីព្រមាន …”

• “… (អំពី)ម្ចាស់សំណង់ … តាមដឹងស្នងការនគរបាលខេត្តកែប នឹងបញ្ជូនទៅតុលាការខេត្តកំពត ហើយពេលនោះនីតិវិធីតុលាការយ៉ាងណា គឺអាស្រ័យទៅលើតុលាការ។ សំណងរដ្ឋប្បវេណី គឺត្រូវតែប្តឹងទាមទារ … ខ្ញុំបានសម្រេចពីម្សិលមិញ សម្រាប់អ្នករបួសម្នាក់ គឺទទួលបានថវិកាចំនួន ១ ម៉ឺនដុល្លារ។ ដោយឡែក ករណីពិសេស គឺករណីដែលអ្នករកបាននៅក្នុងគំនរបាក់បែកដូចជា ៧ នាក់ គឺបានទទួលម្នាក់ ២ ម៉ឺនដុល្លារ។ សម្រាប់សាកសព គឺក្នុងម្នាក់ចំនួន ៥ ម៉ឺនដុល្លារ និងប្រាក់សម្រាប់ធ្វើបុណ្យ ១០ លានរៀល …”

សម្តេចតេជោ ហ៊ុន សែន, សន្និសីទកាសែតអំពីលទ្ធផល នៃប្រតិបត្តិការរុករកជនរងគ្រោះ នៅក្នុងគំនរអគារ ៧ ជាន់ ខេត្តកែប, ៥ មករា ២០២០

Details

សារលើហ្វេសប៊ុកសម្តេចតេជោ ថ្លែងអំណរគុណសប្បុរសជន និងកោតសរសើរកម្លាំង ដែលបានចូលរួមជួយរុករក និងជួយសង្រ្គោះ ក្នុងព្រឹត្តិការណ៍បាក់អាគារនៅក្នុងខេត្តព្រះសីហនុ

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្នុងហេតុការណ៍បាក់អាគារកំពស់ ៧ ជាន់នៅខេត្តព្រះសីហនុ ដែលធ្វើអោយប្រជាជនជាទីស្រឡាញ់របស់យើង ស្លាប់ ២៨ នាក់ និងរបួស ២៦ នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការៈ និងជំនួយឧបត្ថម្ភរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភបន្ថែម ដែលមកដល់ម៉ោង ១២ ថ្ងៃ ២៥ មិថុនានេះ ទទួលទឹកប្រាក់គិតជាដុល្លារចំ​នួន ២.១៩៨.៤០០ ដុល្លារអាមេរិក។ ថវិកានេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់ ១ ម៉ឺនដុល្លារ សម្រាប់ ២៤ នាក់​ ឯ ២ នាក់ទៀតដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត ៦០ ម៉ោង និងដែលនៅរស់រានមានជិវិតដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន ៣ ម៉ឺនដុល្លារ។ សរុបអ្នករបួសចំណាយអស់ ៣០ ម៉ឺនដុល្លារ។ ថវិកានៅសល់ ១.៨៩៨.៤០០ ដុល្លារ ត្រូវបែងចែកស្មើៗគ្នាសម្រាប់អ្នកស្លាប់ចំនួន ២៨ នាក់ ដែលក្នុងមួយនាក់ទទួលចំនួន ៦៧.៨០០ ដុល្លារ នេះមិនគិតពីថវិការាជរដ្ឋាភិបាល ១ ម៉ឺនដុល្លារ ដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ…

Details

ការដកស្រង់សេចក្តីថ្លែង ទៅកាន់សារព័ត៌មាន ស្តីពីសកម្មភាពរុករក និងសង្រ្គោះ ក្នុងហេតុការណ៍សោកនាដកម្មរលំបាក់អាគារ ៧ ជាន់ នៅក្រុងព្រះសីហនុ

មរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះសោកនាដកម្មដែលបានកើតឡើង ខ្ញុំអាចបញ្ជាក់ជូនអស់លោកនៅពេលនេះ។ យើងអាចជួបជុំគ្នាបាន។ ជាពេលវេលាដ៏ពិសេសមួយ ដែលខ្ញុំអនុញ្ញាត អោយអស់លោកអាចចោទចេញជាសំណួរ។ ប៉ុន្តែមុននឹងឈានដល់ដំណាក់កាលនោះនោះ ខ្ញុំក៏សូមយកឱកាសនេះសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះសោកនាដកម្ម ដែលបានកើតឡើងចំពោះប្រ​ជាពលរដ្ឋរបស់យើង(ដែលបានបាត់បង់ជីវិត) ហើយក៏សូមចូលរួមសោកស្តាយចំពោះអ្នកដែលត្រូវរបួស។ ប្រសិនបើខ្ញុំមិនមានភារកិច្ចធំ ទៅប្រជុំអាស៊ាននៅទីក្រុងបាងកកទេ ខ្ញុំពិតជាមានវត្តមានតាំងពីព្រឹក ថ្ងៃកើតហេតុម្ល៉េះ។ ប៉ុន្តែ ខ្ញុំមិនអាចនឹងពន្យារពេលបាន និងផ្អាកទៅចូលរួមប្រជុំអាស៊ានបានទេ។ នៅក្នុងពេលប្រជុំអាស៊ាននោះ ខ្ញុំបានឆ្លងឆ្លើយជាប់ជាមួយ ឯកឧត្តម អភិបាលខេត្ត យន្ត មីន ជាមួយប្រធានក្រុមការងារ សាយ សំអាល់ ជាមួយអគ្គបញ្ជាការកងទ័ព វង្ស ពិសេន និងអភិបាលក្រុង សុខ ឡេង។ ជាលើកដំបូងដែលប្រទេសកម្ពុជា កើតហេតុការណ៍ដូចនេះ យើងបានទទួលព័ត៌មានជាបន្តបន្ទាប់។ ប្រត្តិបត្តិការសង្គ្រោះបែបនេះ គឺជាលើកដំបូងដែលយើងកើតនៅក្នុងប្រ​ទេសរបស់យើង ដែលជារឿងដែលគួរអោយសោកស្តាយ ក៏ប៉ុន្តែ ខ្ញុំក៏សូមយកឱកាសនេះ អរគុណ និងកោតសរសើរចំពោះកម្លាំងទាំងអស់ ដែលបានខិតខំចូលរួមនៅក្នុងប្រតិបត្តិការ រុករក និងសង្គ្រោះនៅទីនេះ។ បើគ្មានការខិតខំទេ សូម្បីតែមនុស្សពីរនាក់ចុងក្រោយមុននេះ ប៉ុន្មានម៉ោង ក៏មិនអាចរស់រានមានជីវិតបានផង។ ខ្ញុំពិតជាអរគុណចំពោះអ្នកដែលបានចូលរួម​ ទាំងអ្នកដែលបានចូលរួមដោយកម្លាំងផ្ទាល់ ទាំងអ្នកដែលបានចូលរួមដោយសម្ភារៈបរិក្ខា ក៏ដូចជាការផ្តល់ជំនួយសង្គ្រោះ និងសមានចិត្តដ៏ទូលំទូលាយរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់…

Details