សេចក្ដីដកស្រង់ប្រសាសន៍ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៥៨

[…] ខ្ញុំព្រះករុណាខ្ញុំក៏ចង់យកឱកាសនេះដើម្បីបញ្ជាក់ជូនថា មិនមែនខ្ញុំព្រះករុណាខ្ញុំត្រូវបញ្ចប់តួនាទីត្រឹមមួយថ្ងៃពីរថ្ងៃ ឬត្រឹមឆ្នាំ ២០២៣ ទេ។ ខ្ញុំព្រះករុណាខ្ញុំមានមហិច្ឆតា នឹងឈានទៅគ្រប់គ្រងបន្តតំណែងជានាយករដ្ឋមន្ត្រីរហូតទៅដល់ក្រោយឆ្នាំ ២០២៨ ឬក្រោយឆ្នាំ ២០២៨ តទៅទៀត … សង្ឃឹមថា ប្រជាពលរដ្ឋយើងនឹងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជននៅឆ្នាំ ២០២២ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ និងឆ្នាំ ២០២៣ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅពេលនោះ […]

[…] ការតភ្ជាប់ផ្លូវជាតិលេខ ៥៦ ពីទីក្រុងប៉ោយប៉ែត លើផ្លូវជាតិលេខ ៥ ទៅទល់នឹងទីក្រុងសំរោង នៃខេត្តឧត្ដរមានជ័យ ចម្ងាយ ១៧៤ គីឡូម៉ែត្រ ដើរតួនាទីដ៏សំខាន់ និងបានឱ្យខ្ញុំព្រះករុណាខ្ញុំសម្រេចនូវគោលគោលដៅ ២ ក្នុងពេលតែមួយ។ បន្ទាប់ពីការអនុវត្តនូវនយោបាយឈ្នះឈ្នះរួចហើយ ខ្ញុំព្រះករុណាខ្ញុំបានដាក់ចេញនូវគោលដៅ ២ នៅក្នុងការអភិវឌ្ឍប្រទេសរបស់យើង … ទី ១ ការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឱ្យទៅជាទីផ្សារ និងជាតំបន់ដែលមានការអភិវឌ្ឍ។ ឯគោលដៅទី ២ គឺប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ […]

[…]ពេលសភាពការណ៍ធម្មតាត្រូវការចិនជួយនេះត្រូវការចិនជួយនោះ ដល់ទៅពេលមានរឿងរត់ចោលចិនអស់។ ហ៊ុន សែន ដែលតំណាងឱ្យកម្ពុជា និងព្រះមហាក្សត្រកម្ពុជា សម្តេចម៉ែ ព្រះអង្គបានប្រទានព្រះរាជសារទៅកាន់ប្រធានាធិបតីចិន ក៏ដូចជាថវិកា […] បង្ហាញពីទឹកចិត្ត ពីបេះដូងរបស់កម្ពុជា។ ឯខ្ញុំព្រះករុណាខ្ញុំបានធ្វើនូវកិច្ចការ ដែលភាសាខ្មែរថា “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក” […]

[…] ច្រកទាំង ៤ នេះបានបើក ៣ ច្រកហើយ […] ទំនិញរបស់យើងត្រូវលក់ឱ្យថៃ ទំនិញថៃលក់ឱ្យកម្ពុជា។ យើងត្រូវការទំនិញពីថៃ ច្រើនជាងពីថៃទិញពីកម្ពុជា។ យើងត្រូវការដូចជាសម្ភារៈសំណង់ […] វត្ថុធាតុដើម […] ប្រេងឥន្ធនៈ នាំចេញពីព្រះរាជាណាចក្រថៃមកកាន់កម្ពុជា […] ខ្ញុំពិភាក្សាជាមួយឯកឧត្តម ប្រាយុទ្ធ ចាន់អូចា ថា មានគម្រោងបើកនូវច្រកអូរនាង ដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេស ជាមួយនិងការដឹកជញ្ជូនទៅក្នុងប្រទេសថៃ […]

[…] ម៉ាស៊ីនច្រូតស្រូវ ចាំតែច្រកបាវយកមកផ្ទះ ហើយជួនកាលមិនយកមកផ្ទះទៀតគេទៅទិញដល់កន្លែងហ្នឹងទៅទៀត។ ប៉ុន្តែអាហ្នឹង វាចេញមកពីអី? ដំបូងចេញមកពីសន្តិភាព ហើយបន្តទៅវាចេញពីការខិតខំរួមរបស់យើងរវាងរដ្ឋ និងប្រជាជនតាមគ្រួសារមួយៗ។ រដ្ឋបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងរាប់ទាំងការមិនយកពន្ធលើដីស្រែដីចំការរបស់ប្រជាពលរដ្ឋរបស់យើង […] ខ្ញុំព្រះករុណាខ្ញុំ បន្តប្រកាសថារយៈពេល ៤១ ឆ្នាំកន្លងផុតទៅ យើងមិនដែលយកពន្ធលើដីកសិកម្មរបស់កសិករទេ ហើយបើសិនជាគណបក្សប្រជាជនកាន់អំណាច ១០០ ឆ្នាំទៀត ក៏យើងនៅតែមិនយកពន្ធលើដីធ្លីកសិកម្មបន្តទៅទៀត […]

[…] (ខ្លះ)គិតតែពីវិភាគថា (កម្ពុជា)បោះបង់ចោលអាមេរិក បោះបង់ចោលអឺរ៉ុប ទៅចាប់យកតែចិន។ ខ្ញុំបានបញ្ជាក់ហើយ ខ្ញុំអត់បោះបង់ចោលអ្នកណាមួយទេ ខ្ញុំត្រូវការមិត្តទាំងអស់។ អ្នកខ្លះទៅហួសជ្រុល។ សូម្បីតែអាមេរិកកាំងក៏រកស៊ីជាមួយចិន។ ហេតុអ្វីបានជាអ្នកឯងស្អប់ចិនខ្លាំងម្លេះ? នេះជាភាពមិនប្រាកដនិយមកក្នុងការធ្វើនយោបាយ។ បើការធ្វើនយោបាយបែបនេះ មិនអាចធ្វើមេដឹកនាំកម្ពុជាបានទេ។ កម្ពុជាប្រកាន់យកនូវទំនាក់ទំនងអន្តរជាតិ ដោយមិនប្រកាន់របបនយោបាយ។ មកដល់ពេលនេះ មានជាង ១៧០ ប្រទេស មានទំនាក់ទំនងការទូតជាមួយនឹងកម្ពុជា […]

សម្ដេចតេជោ ហ៊ុន សែន, សម្ពោធផ្លូវជាតិលេខ ៥៨ តភ្ជាប់ពីប៉ោយប៉ែតទៅសំរោង, ២៦ កុម្ភៈ ២០២០

Details

សេចក្តីដកស្រង់ប្រសាសន៍ សង្កថាបើកការដ្ឋានធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ ប្រវែងជាង ៧២ គីឡូម៉ែត្រ

• … ឆ្នាំ ១៩៨៧ គឺ ៣៣ ឆ្នាំមុន ខ្ញុំបានប្រកាសអំពីអាទិភាព ៤ យ៉ាង ដែលកម្ពុជាត្រូវផ្ដល់អាទិភាពសម្រាប់ការវិនិយោគ នោះគឺលើកឡើងអំពី ទឹក ផ្លូវ ភ្លើង មនុស្ស […] ឆ្នាំ ២០១៣ រហូតមកដល់ពេលនេះ យើងបានផ្លាស់ប្ដូរ ដោយយកការបណ្ដុះបណ្ដាលធនធានមនុស្ស ទៅជាអាទិភាពទីមួយ […] គោលដៅទាំង ៤ នេះ ត្រូវក្នុងរយៈពេល ៣៣ ឆ្នាំរួចមកហើយៗខ្ញុំគិតថា នឹងត្រូវរយៈពេល ៣០ ឆ្នាំ ឬ ១០០ ឆ្នាំ ខាងមុខថែមទៀតផង […]

• … បើយោងទៅលើការសិក្សា ស្ពាន(ជ្រោយចង្វា-ស្វាយជ្រំ) នេះ មានតម្លៃប្រហែលជា ៤០-៥០ លានដុល្លារ (សហរដ្ឋអាមេរិក) […] បើគិតពីកញ្ចប់ថវិកា ដែលកូរ៉េត្រៀមឱ្យយើង ២០១៩-២០២៣ ដល់ទៅ ៧០០ លានដុល្លារ (សហរដ្ឋអាមេរិក) ឯណោះ […] ហ្នឹងគិតតាមមួយបែប […]

• … អភិបាលខេត្តព្រះសីហនុ គួច ចំរើន បានធ្វើរបាយការណ៍មានកប៉ាល់ទេសចរណ៍ចូលមកនៅខេត្តព្រះសីហនុ និងមានមួយករណីជនជាតិហូឡង់ មិនមែនជនជាតិចិនទេក្តៅខ្លួន […] យើងកំពុងរង់ចាំលទ្ធផលការធ្វើពិសោធន៍ដើម្បីបញ្ជាក់ថាជាជំងឺកូរ៉ូណា ឬអត់? បើមានជនជាតិហូឡង់ម្នាក់នេះ ត្រូវតែនៅព្យាបាលនៅក្នុងប្រទេស កម្ពុជារហូតដល់ជា […]

• … ប្រសិនបើប៉ុន្មានអាទិត្យខាងមុខនេះ រោងចក្រខ្លះដែលនាំវត្ថុធាតុដើមពីចិនមកកម្ពុជាមិនរួច មិនមែនកម្ពុជាបិទទេ ដោយសារពីខាងប្រទេសចិនផ្គត់ផ្គង់មកមិនទាន់ពេល សុំកុំចោទថា រឿងហ្នឹងជាទណ្ឌកម្មសេដ្ឋកិច្ចពីគណៈកម្មការអឺរ៉ុប។ ព្រោះបើសិនជាដក ឬមិនដក […] ដល់ខែ ៨ បានចាប់ផ្តើម […]

• … បើថ្ងៃ ១៤ ខែ មីនា ២០២០ ខាងមុខនេះ (មាន)ការប្រជុំអាស៊ាន-អាមេរិក នៅ Las Vegas ខ្ញុំសូមផ្ដាំទៅប្រជាពលរដ្ឋខ្មែរនៅអាមេរិកថា ខ្ញុំនឹងទៅដល់ Las Vegas នៅថ្ងៃទី ១២ ខែ មីនា។ ថ្ងៃទី ១៣ អាចមានលទ្ធភាពវាយកូនហ្គោលនៅ Las Vegas […] ថ្ងៃ ១៤ ប្រជុំ ថ្ងៃ ១៥ ជួបពលរដ្ឋខ្មែរ ថ្ងៃ ១៦ បានខ្ញុំចាកចេញ។ ពេលនោះ ខ្ញុំក៏នឹងជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក Donald Trump […]

សម្ដេចតេជោ ហ៊ុន សែន, បើកការដ្ឋានធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ ២ និង ២២, ១១ កុម្ភៈ ២០២០

Details

សេចក្តីដកស្រង់ប្រសាសន៍ ពិធីជួបជុំសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរ កំពុងស្នាក់នៅ/ធ្វើការ/សិក្សានៅសាធារណរដ្ឋកូរ៉េ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ បងប្អូនទាំងអស់ ដែលជា ពលករ ពលការិនី និស្សិត ក៏ដូចជាក្មួយៗដែលមានក្រុមគ្រួសារនៅប្រទេសកូរ៉េ ដែលបានចូលរួមនៅក្នុងពេលនេះ។ គ្រាន់តែគ្រួសារមិនស្រឡាញ់ផង តើអ្នកទៅស្រឡាញ់ប្រជាជនយ៉ាងម៉េច? ថ្ងៃនេះ យើងបានជួបគ្នាពិតប្រាកដ ខុសប្លែកកាលពីឆ្នាំទៅ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការសុំអធ្យាស្រ័យអំពីការអាក់ខានកាលពីឆ្នាំកន្លងទៅនេះ។ ពេលនោះ ពិតជាមានការលំបាកមែន ត្រៀមនឹងរៀបចេញដំណើរទៅហើយ ក៏ប៉ុន្តែដោយសារជំងឺ(ម្ដាយក្មេក)ធ្ងន់ពេក នៅក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ដែលយើងមិនអាចដឹងបានថា តើគាត់អាចរស់ ឬស្លាប់។ សម្រាប់យើងជាកូន ត្រូវសម្រេចចិត្តបែបណា ម្ខាងការងារប្រទេសជាតិ តែម្ខាងទៀតគឺកិច្ចការទាក់ទងជាមួយនឹងម្ដាយក្មេក។ ម្ដាយក្មេក និងម្ដាយបង្កើត អត់មានអ្វីខុសគ្នាទេ។ រឿងនេះ អ្នកខ្លះបានធ្វើអត្ថាធិប្បាយចូលមកនិយាយនៅក្នុងហ្វេសប៊ុករបស់ខ្ញុំ អំពីបញ្ហាដែលថា គិតអំពីគ្រួសារច្រើនជាងគិតពីប្រទេសជាតិ។ ពេលនោះ ខ្ញុំក៏បានឆ្លើយតបត្រឡប់ទៅវិញថា បើសិនជាអ្នកឯងគ្រាន់តែគ្រួសារមិនស្រឡាញ់ផង តើអ្នកទៅស្រឡាញ់ប្រជាជនយ៉ាងម៉េច? រឿងហ្នឹង និយាយឱ្យពិតអញ្ចឹង។ ការងារប្រទេសជាតិ យើងធ្វើហើយ យើងមានអ្នកជំនួសដោយឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស។ ក៏ប៉ុន្តែ សម្រាប់យើងជាកូន នៅពេលដែលម្ដាយទទួលមរណកាល…

Details