សេចក្តីដកស្រង់ប្រសាសន៍ ពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

អរគុណណាស់ អរគុណដែលអម្បាញ់មិញ ក្មួយៗបានអោបពូ ហើយជាលើកដំបូងហើយដែលពូធ្លាក់ខ្សែក្រវាត់ចុះក្រោមមិនដឹង។ ថ្ងៃក្រោយ ប្រហែលជាដើម្បីសម្រកក្បាលពោះ កុំអោយដុះក្បាលពោះ គឺអោយក្មួយៗអោប … ប្រហែលជាថាមពលនៅខេត្តកំពង់ស្ពឺហ្នឹងខ្លាំងណាស់។ មួយទៀត ក្មួយម្នាក់ហ្នឹងបានថើបពូ ដល់ថើបរួចហើយ ចង់គាំងបេះដូង។ អញ្ចឹងពូមានម៉ាស៊ីនឆក់? (សើច) ការជួបជុំកម្មករ មិនមែនជាយុទ្ធនាការឃោសនាបោះឆ្នោត ដំបូង ខ្ញុំសូមសំដែងនូវការស្វាគមន៍ជាមួយនឹងវត្តមានរបស់សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ កម្មការិនី ទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងការជួបជុំគ្នានៅថ្ងៃនេះ។ ពូពិតជាមានការរំភើបរីករាយ ដែលបានមកជួបក្មួយៗនៅទីនេះ តាមអ្វីដែលពូបានលើកឡើង។ ចាប់ផ្ដើមពីពាក់​កណ្ដាលខែវស្សាឆ្នាំទៅ គឺនៅខែសីហា ឥឡូវចូលមកដល់ដើមខែវស្សាឆ្នាំក្រោយមកទៀត ពីឆ្នាំរកា មកដល់ឆ្នាំច ហើយបើគិតជាខែខាងគ្រិស្ដសករាជ ពីខែសីហា រហូតមកដល់ខែឧសភានេះ ពូនៅតែបន្តនូវការងាររបស់ខ្លួន ទាក់ទងនឹងដំណើរដើម្បីជួបជុំជាមួយនឹងកម្មករ កម្មការិនី ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សា​ហកម្ម ២០១៥-២០២៥។ ពិតហើយ ដោយសារតែពូមានការងារផ្សេងៗទៀតដែលត្រូវធ្វើ ដូច្នេះសម្រាប់ខេត្តកំពង់ស្ពឺ ក៏មិនមែនថាជាការជួបលើកដំបូ​ងនោះទេ ដោយសារយើងបានមកជួបនៅស្រុកសំរោងទង(ម្តងហើយ)។ ឥឡូវ វត្តមាននៅថ្ងៃនេះ ក៏មានអ្នកស្រុកសំរោងទង និងអ្នកច្បារមន ​ចូលរួមផងដែរ។ ពិតមែនតែកន្លែងការងារ…

Details