សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា

ក្រមាខ្មែរថែសុខភាព ដំបូងខ្ញុំសុំបង្ហាញ អំពីឯកសណ្ឋានថ្មី។ នេះជាក្រវាត់កជំនាន់កូរ៉ូណា។ ម្សិលមិញបាន​ពាក់ឯកសណ្ឋានបែបនេះទៅកាន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ និងបើកការដ្ឋានផ្លូវជាតិលេខ ១០ ដែលតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តកោះកុង។ ថ្ងៃនេះ ពាក់(ក្រមា)មកកាន់ទីនេះ ហើយពីពេលនេះរហូតដល់បញ្ចប់វីរុសកូរ៉ូណា ខ្ញុំនៅតែពាក់បែបនេះ។ ខ្ញុំគិតថា វាក៏ជាផ្នែកមួយ ដើម្បីដោះស្រាយរឿងម៉ាសឡើងថ្លៃ។ ម៉ាស់វាមិនសូវមានប្រយោជន៍ប៉ុន្មានទេ យ៉ាងច្រើន ៥ ម៉ោង ត្រូវប្ដូរវាម្ដង។ ក្រមាអត់មានបញ្ហាទេ ក្រោមពាក្យស្លោក “ក្រមាខ្មែរថែសុខភាព”។ អញ្ចឹងទេ អ្នកដែលចង់បង់កក្រមាក៏បង់ទៅ អ្នកដែលចង់ពាក់ម៉ាសក៏ពាក់ទៅ គឺជារឿងដែលទាក់ទងជាមួយសុខភាពរបស់យើង។ ចំនួននិស្សិតស្ត្រីច្រើនជាងបុរស ស្តែងពីការលើកស្ទួយសមភាពយេនឌ័រ ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកចូលរួមសាជាថ្មីម្ដងទៀត ក្នុងការចែកសញ្ញាបត្រ សម្រាប់ជ័យលាភី ចំនួន ៣ ៤៥៨ នាក់ នៅវិទ្យាស្ថាន វ៉ាន់ដា ដែលនេះ គឺជាផ្នែកដ៏សំខាន់មួយ នៃការអភិវឌ្ឍធនធានមនុស្សរបស់យើង។ ខ្ញុំពិតជាមានការរីករាយ ដែលបានស្ដាប់របាយការណ៍របស់ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ទាក់ទងជាមួយនឹងជាមួយនឹងវឌ្ឍនភាព នៃវិទ្យាស្ថានរបស់យើង ដែលបានឆ្លើយតបទៅនឹងតម្រូវការនៃការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង ហើយយើងនៅតែបន្តការខិតខំតទៅទៀត…

Details