សុន្ទរកថា និងសេចក្ដីអធិប្បាយ ពិធីអបអរសាទរខួបទី ១០៧ ទិវាអន្តរជាតិនារី ៨ មីនា

ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីអបអរសាទរខួបទី ១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ ដែលរៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ។ ជាបឋម ខ្ញុំសូមថ្លែងការគាំទ្រនូវប្រធានបទ «ស្ត្រីរួមគ្នា រក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ» ដែលបានលើកឡើងចំពេលយើង គ្រប់គ្នាកំពុងខិតខំប្រឹង​ប្រែងបន្តលើកកម្ពស់​តម្លៃ​សន្តិ​ភាព និងប្រកាន់យកវប្បធម៌អហិង្សា ហើយដែលរាជរដ្ឋាភិបាលបាន និងកំពុងជំរុញឱ្យមាន​ការចូលរួមពី​ប្រជា​ជន​​ទាំងស្ត្រី និងបុរស ដើម្បីធានារក្សាឱ្យបាននូវសុខសន្តិភាព និងវឌ្ឍនភាពរបស់​សង្គមកម្ពុជាទាំងមូល។ ជាការពិត សុខសន្តិភាព វិបុលភាព ការគ្មានអំពើហិង្សា គ្មានសង្គ្រាមរាំងជល់ ពិតជាមានតម្លៃណាស់ ដែលឤចជំរុញការអភិវឌ្ឍ​លើគ្រប់វិស័យ និងគ្រប់ទីកន្លែងព្រមទាំងធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពសុខដុមរមនា និងផ្តល់​ឱកាស​ល្អឱ្យ​បុរស ស្ត្រី កូនប្រុស ស្រី បានរស់នៅជួបជុំក្រុមគ្រួសារ បានសិក្សារៀនសូត្រខ្ពស់ មានចំណេះដឹង ជំនាញ បច្ចេកទេស និង​មុខរបរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារខ្លួន រួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ​ឱ្យកាន់តែ​មាន​ភាពរីកចម្រើន​រុងរឿង។ ឈរលើមូលដ្ឋានសុខសន្តិភាព ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ​ដំណាក់កាលទី ៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃលទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុបក្ស ការលើកតម្កើងសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សបានធ្វើឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យម ៧,៧%…

Details