សាររបស់សម្តេចតេជោលើហ្វេសប៊ុក អំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរ ប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង

សូមប្រជាពលរដ្ឋ និងអាជ្ញាធរប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់!

ភ្លៀងដែលបង្អុរធ្លាក់មកមិនដាច់ស្ទើរាល់ថ្ងៃ ដែលយើងបានឃើញនៅក្នុងទីក្រុងភ្នំពេញតិចមែន តែនៅតាមបណ្តាខេត្តមួយចំនួន គឺកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ដោយសារកំរិតទឹកទឹកភ្លៀងនៅបន្តធ្លាក់ ហើយកម្ពស់ទឹកទន្លេក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត។

តាមការប្រកាសរបស់ក្រសួងធនធានទឹក បានអោយដឹងថា ក្នុងរដូវវស្សាឆ្នាំនេះកម្ពុជាអាចនឹងទទួលរងនូវឥទ្ធិពល ENSO Neutral Condition ដែលបង្កអោយមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដែលធ្វើអោយទឹកក្នុងអាងទន្លេមេគង្គ និងទាំងនៅក្នុងប្រទេសកម្ពុជាទាំងមូលមានការកើនឡើង។

ចំពោះបងប្អូន ដែលចុះទូកនៅតាមទន្លេ សមុទ្រ គឺសូមប្រុងប្រយ័ត្ន ពាក់អាវពោងការពារ និងមានសំភារៈការពារអាយុជីវិត ពេលជួបប្រទះបញ្ហាដោយយថាហេតុណាមួយកើតឡើង។ សូមកុំបណ្តោយកូនចៅទៅលេងទឹកនៅខាងក្រៅតាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយ ទឹកដែលអាចងាយមានគ្រោះថ្នាក់។

សូមអំពាវនាវដល់មន្ត្រី អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ជាពិសេស ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្ត ដែលកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ និងតាមតំបន់ជាប់នឹងដងស្ទឹង និងសមុទ្រជាដើម។ សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់បំផុត៕

សាររបស់សម្តេចតេជោលើហ្វេសប៊ុក អំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង និងបញ្ជាឲ្យអាជ្ញាធរ និងកងកម្លាំង ចុះជួយដល់ប្រជាពលរដ្ឋ

ដោយសារក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ គឺមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ទាំងនៅក្នុងទីក្រុង ភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។ ទន្ទឹមនឹងមានភ្លៀងធ្លាក់គឺមានខ្យល់ព្យុះ ខ្យល់កន្រ្តាក់ និងទឹក ជំនន់ ដែលបណ្តាលអោយជន់លិច និងដាច់ផ្លូវតាមតំបន់មួយចំនួន និងខូចខាតផ្ទះប្រជាពលរដ្ឋនៅតាម ខេត្តមួយចំនួនផងដែរ។

សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ កុំបណ្តោយកូនចៅអោយទៅលេងទឹកនៅខាងក្រៅ តាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយទឹក ដែលអាចងាយមានគ្រោះថ្នាក់។

សូមបងប្អូនប្រជាពលរដ្ឋទំនាក់ទំនងមកអាជ្ញាធរ សមត្ថកិច្ច និងកាកបាទក្រហមជាបន្ទាន់នៅពេលត្រូវ ការជំនួយសង្រ្គោះបន្ទាន់ចាំបាច់នានា។ ទន្ទឹមនឹងនេះ សូមអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចជួយសម្រួល អោយកូនចៅប្រជាពលរដ្ឋបានទៅសាលារៀនដូចធម្មតា និងចុះជួយសាងសង់លំនៅដ្ឋានខូចខាត ជូន ប្រជាពលរដ្ឋយើងអោយមានជម្រករស់នៅធម្មតាឡើងវិញ៕

សេចក្តីដកស្រង់ សង្កថាក្នុងពិធីចែកសញ្ញាបត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងប្រកាសសម្ពោធមជ្ឈមណ្ឌលកម្ពុជា ដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា មុននឹងចាប់ផ្តើម ខ្ញុំសុំក្រឡេកមើលមុខអ្នកទាំងអស់គ្នា ថាតើអ្នកណាខ្លះងងុយដេក អ្នកណាខ្លះមិនងងុយ​ដេក? ដោយសារយប់មិញនេះ មានកម្មវិធីច្រើនណាស់ សម្រាប់ក្នុងប្រទេសរបស់យើង។ ការប្រកួត​បាល់ ទាត់នៅអឺរ៉ុប មានដល់ទៅ ៣ ប្រកួតឯណោះ។ បន្ថែមពីលើនោះ មានកម្មវិធីមួយពិសេស​នៅ​ក្នុង​ស្រុក The Voice ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ មិនថាតែយុវជនទេដែលចូលចិត្ត យុវចាស់ក៏ចូលចិត្ត ហើយដោយសារ​ភ័ព្វសំណាង ខ្ញុំមានទូរទស្សន៍ច្រើននៅក្នុងបន្ទប់របស់ខ្ញុំ អញ្ចឹង ខ្ញុំអាចមើល The Voice ផង និងអាច​មើល​​បាល់ទាត់ផង។ ប៉ុន្តែ ការប្រកួតចុងក្រោយ​ ទ្រាំមិនបានក៏លក់បាត់ទៅ ដល់​ទៅ​ភ្ញាក់ឡើង បើកមើល​ទូរ​​ទស្សន៍មួយភ្លែតទៅ ឃើញអាឡឺម៉ង់ទាត់ចូលមួយហើយ ក៏ដេកលក់​ទៅទៀត​ទៅ។ ព្រលឹមឡើង បើក​ Internet មើលវេបសាយរបស់ Euro ក៏ឃើញថា ២-០ ទៅហើយ។ អញ្ចឹងទេ បានសេចក្តីថា មកដល់​ម៉ោងនេះ ខ្ញុំកំពុងចាញ់គេ ៣ ប្រកួតទៅហើយ។ មិនមែនភ្នាល់​ដាក់​លុយ​អី​នោះ​ទេ គ្រាន់តែថា…

Details