សុន្ទកថា និងសេចក្ដីអធិប្បាយ ពិធីបិទសន្និបាតត្រួតពិនិត្យការងារ ឆ្នាំ ២០១៨ និងលើកទិសដៅការងារ ឆ្នាំ ២០១៩ ក្រសួងមហាផ្ទៃ

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមជាថ្មីម្តងទៀត ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ ដែលបានដំណើរការមួយថ្ងៃកន្លះកន្លងទៅនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបានបេសកកម្មសំខាន់ៗរបស់ខ្លួន និងសមិទ្ធផលការងារជាច្រើន ដែលបានរួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាលនីតិកាលទី ៥ នៃរដ្ឋសភា អនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ព្រមទាំងកម្មវិធីកែទម្រង់នានាដែលបានកំណត់ ។ ជាការពិត រយៈពេលពេញមួយឆ្នាំ ២០១៨ ដែលទើបតែកន្លងផុតទៅថ្មីៗ កម្ពុជាបានពុះពារជំនះប្រកប​ដោយជោគជ័យគ្រប់ឧបសគ្គតូចធំ និងឧបាយកលដ៏គ្រោះថ្នាក់របសក្រុ់មជ្រុលនិយមមួយក្តាប់តូច ដែលទទួលបានការគាំទ្រ និងការលើកទឹកចិត្តពីមជ្ឈដ្ឋានមួយចំនួននៅក្រៅប្រទេស ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងការបោះឆ្នោតដោយសេរីនៅកម្ពុជាក្នុង គោលបំណងបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍ និងភាពរស់នៅដោយសុខសាន្តរបស់ប្រជាជនកម្ពុជា។ ប៉ុន្តែពេលនោះ យើងទាំងអស់គ្នាបានខិតខំរួមគ្នាធ្វើឱ្យមានស្ថិរភាពនយោបាយ និងសន្តិសុខដ៏ល្អប្រសើរ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមា ជិកព្រឹទ្ធសភា នីតិកាលទី…

Details