សុន្ទរកថា និងសេចក្ដីដកស្រង់ប្រសាសន៍ ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៧- ២០១៨ និងទិសដៅការងារឆ្នាំ ២០១៨-២០១៩

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនតំណាងកសិករ និង អង្គសន្និបាតទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានចូលរួមក្នុងពិធី «បិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៧-២០១៨ និងទិសដៅការងារឆ្នាំ ២០១៨-២០១៩» និង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មី របស់ក្រសួងកសិកម្ម រុកា្ខប្រមាញ្ញ់ និងនេសាទ» នាពេលនេះ។ ជាបឋម ខ្ញុំសូមសម្តែងការស្វាគមន៍ចំពោះសមេ្ដច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងបងប្អូនតំណាងកសិករឆ្នើមទូទាំងប្រទេស ដែលបានអញ្ជើញចូលរួមយ៉ាងកុះករ ក្នុងពិធីដ៏មានអត្ថន័យនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសេរី និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ឤជ្ញាធរថ្នាក់ក្រោមជាតិ ព្រមទាំងបងប្អូនកសិករទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យកសិកម្មនៅក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ។ ជាការពិត លទ្ធផលដ៏ប្រសើរនេះ មិនមែនកើតមានឡើងដោយចៃដន្យនោះទេ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា រួមទាំងការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ជានិច្ចកាលរបស់រាជរដ្ឋាភិបាល…

Details