សុន្ទរកថា និងការដកស្រង់ប្រសាសន៍ក្រៅសន្ទុរកថា ក្នុងពិធី ប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០»

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួម នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ​ដាក់ឱ្យប្រើប្រាស់​ជា​ផ្លូវ​ការនូវ «គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០» ក្នុងឱកាសនេះ។ នេះគឺជាព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ​គោលនយោបាយជាតិប្រជាជន​លើកដំ​បូង ដែលមានរយៈពេលវែងរហូតដល់ ១៥ ឆ្នាំ ហើយដែល​នឹងរួមចំណែកយ៉ាងខ្លាំងក្លាដល់​ការ​លើក​កម្ពស់​គុណ​ភាពជីវិតរបស់ប្រជាជនកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន ​ព្រម​ទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ ដែលបានដើរតួនាទី និងបំពេញភារកិច្ច​របស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ និងសម្របសម្រួលការ​រៀបចំ គោលនយោបាយ​ជាតិប្រជាជន ២០១៦-២០៣០ ដោយមានកិច្ចសហការ​យ៉ាងល្អពីសំណា​ក់ក្រសួង ស្ថាប័ន និងភាគី​ពាក់​ព័ន្ធ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀត បន្ទាប់ពីយើងសម្រេចបាននូវចំណាត់ថ្នាក់​ល្អ​ប្រសើរ, ជា​ប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលឤចសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍សហស្សវត្សរ៍ ព្រមទាំងជាប្រទេសជាប់ចំណាត់ថ្នាក់ទី ១ នៅតំបន់ឤស៊ីប៉ាស៊ីហ្វិក ដែល​សម្រេច​បាននូវវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការកែលម្អសូចនាករផ្នែកសង្គមកិច្ច ទន្ទឹមគ្នានឹងមហិច្ឆិតា​ក្លាយ​ទៅ​ជា​ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ជាមួយនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍទាំងអស់ ពិសេសមូលនិធិសហប្រជាជាតិសម្រាប់​ប្រ​ជាជន (UNFPA) ដែលបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាជារៀងរហូតមក​ទាំងផ្នែកបច្ចេកទេស, ទាំង​ផ្នែកហិរញ្ញវត្ថុ លើបញ្ហាប្រជាជន និងការអភិវឌ្ឍ ពិសេសការលើកកម្ពស់សុខភាពបន្តពូជ និងសុខភាព​របស់​​មាតា និងកុមារ។ ក្នុងនោះ មូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជនតែងបាន​ការគាំទ្រដល់​ក្រសួង​ផែន​ការលើការងារស្ថិតិ, ការងារផែនការ និងការងារពាក់ព័ន្ធ នឹងបញ្ហាប្រជាជន និងការអភិវឌ្ឍ ហើយថ្មីៗ​នេះ គឺគាំទ្រដល់ដំណើរការរៀបចំ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដែល​យើងផ្សព្វ​​ផ្សាយ​​ដាក់​ឱ្យអនុវត្តនាថ្ងៃនេះ…

Details