សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ពិនិត្យការងារជាក់ស្ដែងនៅការដ្ឋានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

សម្តេច ឯកឧត្តម លោកជំទាវ​ អស់លោក/ស្រី! លោក LU WEI និងប្រធានក្រុមហ៊ុន AIAI និងបុគ្គលិកទាំងអស់ ដែលបានចូលរួមការងារជាមួយយើង! “តារារះនៅទិសឧត្តរ” … វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខ្ញុំក៏សូមធ្វើគារវកិច្ច ចំពោះកម្មករ ទាំងកម្ពុជា/ចិន ដែលធ្វើការនៅទីនេះ។ ខ្ញុំក៏សូមថ្លែងពីទីនេះ ជូនចំពោះបងប្អូនជនរួមជាតិ ដែលកំពុងមើលការផ្សាយបន្តផ្ទាល់ចេញពីទឹកដីនៃខេត្តសៀមរាប។ ថ្ងៃនេះ យើងទាំងអស់គ្នា បានមកពិនិត្យវឌ្ឍនភាពនៃការកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ហើយនៅថ្ងៃស្អែកនេះ សម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវ(ចំនួន) ៣៨ ខ្សែ នៅឯទីក្រុងសៀមរាប។ ខ្ញុំគិតថា វាល្មមដល់ពេល ដែលយើង ត្រូវប្រកាសថា “តារារះនៅទិសឧត្តរ” បន្ទាប់ពីយើងបានប្រកាស “តារារះនៅទិសនិរតី” ដែលសំដៅទៅលើតំបន់ឆ្នេរ ដែលជាតំបន់ទេសចរណ៍របស់យើង។ បន្ទាប់ពីរបាយការណ៍របស់ ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អា​កាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ហើយបន្ទាប់ពីយើងបានឃើញផ្ទាល់ភ្នែកនូវការដ្ឋានដែលបានសាងសង់រួចមកហើយ ជាពិសេស ផ្លូវរត់និងការដ្ឋានមួយចំនួនផ្សេងទៀត យើងមានការជឿជាក់ចំពោះវឌ្ឍនភាពដែលបានកើតរួចមកហើយ បើទោះបីជា មានការលំបាកនៅក្នុងដំណាក់កាលកូវីដ-១៩ ដែលធ្វើឱ្យរាំងស្ទះដល់ការដឹកជញ្ជូនសម្ភារបរិក្ខារមកកាន់ទីនេះ។ បើទោះបីមានការរអាក់រអួលបែបនេះ ឃើញថាក្រុមហ៊ុនក៏ដូចជា គណៈកម្មការសាងសង់នៅតែសម្រេចឱ្យបាន ដើម្បីឈានទៅបើកឱ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០២៣…

Details