សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

សុខសប្បាយទេក្មួយៗ? សុខសប្បាយ។ សុំសួរមួយបានទេ? រឿងមួយចង់សួរមុនគេ។ បានឬមិនបាន? បាន​។ ឥឡូវ អ្នកដែលជិតចូលរោងការ មានប៉ុន្មាន? សូមលើកដៃបន្តិច? អរគុណណាស់។ ថ្ងៃនេះ យើងជួបជុំគ្នាសាជាថ្មីម្ដងទៀត។ យើងក៏មិននឹកស្មានថា បន្ទាប់ពីបុណ្យអុំទូកហើយ ថ្ងៃនេះដូចជា ៦ រោច ខែកត្តិក ទៅហើយ បែរជាមានភ្លៀងធ្លាក់ជោគជាំបន្ថែមទៀតយប់មិញនេះ។ ប៉ុន្តែ ការដែលមានភ្លៀងធ្លាក់នោះ វាអាចធ្វើអោយយើងមានការលំបាកបន្តិច នៅក្នុងការជួបជុំដោយមានទឹកមានភក់ ប៉ុន្តែវាក៏មិនធ្វើអោយមានការអាក់ខានណាមួយសម្រាប់ជំនួបរបស់យើងថ្ងៃនេះនោះទេ។ អរគុណម្ចាស់រោងចក្រ ដែលអនុញ្ញាតអោយកម្មករ/ការិនីបានឈប់សម្រាក ដើម្បីធ្វើការសំណេះសំណាល ថ្ងៃនេះ ខ្ញុំសូមយកឱកាសនេះដើម្បីសម្ដែងនូវការស្វាគមន៍ ចំពោះក្មួយៗជាកម្មករ/ការិនី និងថ្នាក់ដឹកនាំទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ហើយក៏សូមអរគុណចំពោះម្ចាស់រោងចក្រទាំងអស់ ដែលបានផ្ដល់ឱកាសអោយកម្មករ/ការិនី បានមកជួបសំណេះសំណាលជាមួយខ្ញុំនៅពេលនេះ ហើយក៏បានទទួលការឈប់សម្រាកនៅពេលល្ងាចនេះ ព្រោះថាក្មួយៗក៏បានធ្វើដំណើរតាំងពីយប់ ដើម្បីមករង់ចាំការជួបជុំនៅទីនេះ។ នេះគឺជាការជួបជុំបន្តទៀត បន្ទាប់ពីអាក់ខានមួយរយៈ ដោយសារតែមានភារកិច្ចជាប់ទៅក្រៅប្រទេសផង និងនៅក្នុងប្រទេសផង។ ក៏ប៉ុន្តែក៏សូមបញ្ជាក់ជូនក្មួយៗជាកម្មករ/ការិនីទាំងអស់នៅទីនេះអោយបានជ្រាប ក៏ដូចជាសុំអធ្យាស្រ័យកម្មករ/ការិនី ដែលខ្ញុំមិនទាន់បានជួប។ គ្រាន់តែនៅខេត្តកណ្ដាលនេះ គឺនៅជំពាក់ដល់ទៅ ២ ទៀត តាកែវជំពាក់ ១ កំពង់ស្ពឺនៅច្រើនជាងគេ ហើយនៅទីកន្លែងដទៃទៀត។…

Details