សេចក្តីដកស្រង់សង្កថា ពិធីសម្ពោធមហាវិថី សម្តេចតេជោ ហ៊ុន សែន ទីក្រុងរណបជើងឯក

មហាវិថី សម្ដេចតេជោ ហ៊ុន សែន ភ្ជាប់ទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួម ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវ​មហាវិថីដ៏ធំ ដែលតភ្ជាប់រវាងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល។ នេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ព្រះ រាជាណាចក្រកម្ពុជា និយាយជារួម និងនិយាយដោយឡែក សម្រាប់ប្រជាជននៅរាជធានីភ្នំពេញ និងខេត្ត​កណ្ដាលតែម្ដង។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយបានពិនិត្យឃើញថា តាមរយៈនៃការខិតខំ របស់អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្ដាល ព្រមទាំងក្រុមហ៊ុន ING Holdings បានខិតខំកសាងនូវ សមិទ្ធផលនេះ ដែលអាចចាត់ទុកថា ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលដ៏ធំ នៅក្នុងព្រះរាជាណា ចក្រកម្ពុជារបស់យើង។ បើយើងពិនិត្យអំពីទំហំ​​ នៃការចំណាយសម្រាប់ការសាងសង់នូវផ្លូវមួយខ្សែនេះ ដើម្បីបញ្ចៀសចរាចរណ៍​សម្រាប់ទំនាក់ទំនងរវាងទីក្រុងភ្នំពេញ និងភាគខាងត្បូងទីក្រុងភ្នំពេញ ហើយក៏ដើម្បីអភិវឌ្ឍនូវតំបន់ជើង​ឯកនេះផង។ ថវិកាដែលត្រូវចំណាយ(មាន)រហូតដល់ ៧៦ លានដុល្លារសហរដ្ឋអាមេរិក និងនៅលើទំហំផ្ទៃ​ដី ៥៤ ហិកតា ហើយផ្ទៃដីនេះ មិនទាន់គិតជាតម្លៃនៅឡើយទេ។ បើយើងគិតក្នុងរង្វង់ត្រឹមតែ ៥០០ ដុល្លារ​សហរដ្ឋអាមេរិកក្នុងមួយម៉ែត្រការ៉េ គឺចំនួន ៥៤ ហិកតា ដែលយើងកំពុងធ្វើផ្លូវនេះ គឺច្បាស់​ជាចំនួន​ទឹក​ប្រាក់នេះធំ។…

Details