សន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃប្រតិបត្តិការរុករក និងសង្គ្រោះ ជនរងគ្រោះ ពីគំនរអគារ ៧ ជាន់នៅខេត្តកែប

• “… ប្រតិបត្តិការនេះប្រើពេលយូរ រហូតទៅដល់ ៤៣ ម៉ោង។ ប៉ុន្តែ ខ្ញុំបានដាក់ចេញនូវបទបញ្ជាសម្រាប់សង្គ្រោះនៅទីនេះ គឺទី ១ ត្រូវឱ្យអាទិភាពខ្ពស់ទៅលើការសង្គ្រោះជីវិតមនុស្ស … ដូច្នេះហើយ នៅពេលដែលយើងរុករកឃើញមានសញ្ញាណាមួយដែលមិនប្រក្រតី ហើយដែលអាចសង្ស័យថាមានមនុស្ស យើងត្រូវតែបញ្ឈប់នូវគ្រឿងចក្រទាំងឡាយ ហើយប្រើដោយមធ្យោបាយផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើទៅបាន … ទី ២ គឺគោរពទៅដល់សាកសព បើទោះបីជាពួកគាត់បានស្លាប់ទៅហើយ តែយើងត្រូវតែធានាថា សាកសពទាំងនោះមិនត្រូវបានពុះជ្រៀកដោយសារគ្រឿងចក្ររបស់យើងទេ …”

• “… ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការអរព្រះគុណចំពោះព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្តេចម៉ែជាទីសក្ការៈ ដែលព្រះអង្គតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជារាស្ត្ររបស់ព្រះអង្គ ដែលរាប់ទាំងការចូលរួមវិភាគទានជាថវិកា … មកជូនរាជរដ្ឋាភិបាលដើម្បីបន្តផ្តល់ជូនទៅដល់ជនរងគ្រោះ។ អរគុណចំពោះស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងអរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមវិភាគទាន … ខ្ញុំចង់សម្តែង(អំណរគុណ)ខ្លាំងជាងគេ គឺកម្លាំងប្រតិបត្តិការនៅទីនេះផ្ទាល់តែម្តង ដែលខ្ញុំចាត់ទុកថា ជាបង្អែកនៃកម្លាំងរបស់ជាតិរបស់យើង ដែលខ្ញុំមានមោទនភាពខ្លាំងណាស់ … យើងត្រូវរៀបចំផែនការហ្វឹកហាត់បន្ថែម …”

• “… មានអ្នកវាយសារចូលមកក្នុង WhatsApp និង Telegram របស់ខ្ញុំ ធ្វើការស្តីបន្ទោសអ្នកនេះ/អ្នកនោះ ត្រូវការដកអ្នកនេះ/អ្នកនោះ ក្នុងពេលដែលយើងជាប់ជំពាក់អំពីអ្វីដែលជាការគិតដំបូងបំផុត គឺបញ្ហាសង្គ្រោះជីវិតរបស់ពលរដ្ឋរបស់យើង … ដើម្បីចៀសវាងនូវការសង្ស័យណាមួយ អភិបាលខេត្តកែប និងមន្ត្រីក្នុងខេត្ត មិនត្រូវបានដកចេញពីតំណែងទេ … ខ្ញុំនឹងពិនិត្យមើលមន្ត្រីដែលវាយចូលក្នុង WhatsApp របស់ខ្ញុំ និងការបង្ហោះតាមហ្វេកប៊ុកមួយចំនួន ដើម្បីខ្ញុំចាត់ការទៅថ្ងៃក្រោយដើម្បីព្រមាន …”

• “… (អំពី)ម្ចាស់សំណង់ … តាមដឹងស្នងការនគរបាលខេត្តកែប នឹងបញ្ជូនទៅតុលាការខេត្តកំពត ហើយពេលនោះនីតិវិធីតុលាការយ៉ាងណា គឺអាស្រ័យទៅលើតុលាការ។ សំណងរដ្ឋប្បវេណី គឺត្រូវតែប្តឹងទាមទារ … ខ្ញុំបានសម្រេចពីម្សិលមិញ សម្រាប់អ្នករបួសម្នាក់ គឺទទួលបានថវិកាចំនួន ១ ម៉ឺនដុល្លារ។ ដោយឡែក ករណីពិសេស គឺករណីដែលអ្នករកបាននៅក្នុងគំនរបាក់បែកដូចជា ៧ នាក់ គឺបានទទួលម្នាក់ ២ ម៉ឺនដុល្លារ។ សម្រាប់សាកសព គឺក្នុងម្នាក់ចំនួន ៥ ម៉ឺនដុល្លារ និងប្រាក់សម្រាប់ធ្វើបុណ្យ ១០ លានរៀល …”

សម្តេចតេជោ ហ៊ុន សែន, សន្និសីទកាសែតអំពីលទ្ធផល នៃប្រតិបត្តិការរុករកជនរងគ្រោះ នៅក្នុងគំនរអគារ ៧ ជាន់ ខេត្តកែប, ៥ មករា ២០២០

Details

សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនិស្សិតខ្មែរ មកពីបណ្តាប្រទេសក្នុងសហគមន៍អឺរុប

ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិដែលបានចូលរួមនៅក្នុង​ឱកាសនេះ! កម្ពុជា ធ្វើជាម្ចាស់កម្មវិធីសង្គម និងវប្បធម៌ ដែលមានម្ហូបខ្មែរ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកសាជាថ្មីម្ដងទៀត បន្ទាប់ពីការជួបគ្នាខែតុលា កាលពីឆ្នាំទៅ។ ឆ្នាំនេះ បើគិតពីខែតុលា រហូតមកដល់ពេលនេះ គឺរយៈពេលមិនទាន់ដល់មួយឆ្នាំផងទេ ប៉ុន្តែដោយសារមានការចាំបាច់ មានការងារទាក់ទងនៅហ្សឺណែវនេះ វត្តមានរបស់ខ្ញុំព្រះករុណាខ្ញុំ គឺជាវត្តមាន សម្រាប់ជាមោទនភាពរបស់កម្ពុជាយើង។ យើងបានដឹងហើយថា ម្សិលមិញនេះ ទោះបីស្ថិតនៅក្នុងស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ប៉ុន្តែ នាយករដ្ឋមន្រ្តីកម្ពុជាជាអ្នកថ្លែងសុន្ទរកថាបើកសន្និ​សីទនេះ ហើយកម្ពុជាក៏ទទួលធ្វើជាម្ចាស់ទៅលើការរៀបចំកម្មវិធីសង្គម និងវប្បធម៌ ដែលមានម្ហូបខ្មែរនៅទីនោះ។ យើងក៏ឆ្លៀតយកឱកាសនេះ បញ្ជាក់ប្រាប់អ្នកទាំងឡាយ នៅក្នុង​ក្របខណ្ឌ នៃអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ​ អំពីទស្សនៈរបស់យើង ក៏ដូចជាសភាពការណ៍របស់យើងផងដែរ។ មកជួបនាយករដ្ឋមន្ត្រី ត្រូវគេចោទថាក្នុងម្នាក់ជួល ២០០ ដុល្លារទៅ ២០០០ ដុល្លារ ខ្ញុំព្រះករុណាខ្ញុំសុំអរគុណ ចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ ដែលមកពីបារាំងខ្លះនៅស្វ៊ីសខ្លះ មកពីកម្ពុជាយើងខ្លះ។ អរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានអញ្ជើញមកពីគ្រប់ទីកន្លែង ក៏ដូចជាក្មួយ​ៗ និស្សិត ដែលបានធ្វើដំណើរវែងឆ្ងាយមកកាន់ទីនេះ … បងប្អូនបានធ្វើដំណើរពីចម្ងាយ ដើម្បីស្កាត់មករកជួបជាមួយខ្ញុំព្រះករុណាខ្ញុំ។ នេះបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ចំពោះមាតុភូមិរបស់ខ្លួន…

Details

ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីសំណួរចម្លើយ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន

[ចម្លើយទី ១] តាមការយល់ដឹងរបស់ខ្ញុំ យើងមិនមែនស្ថិតនៅក្នុងស្ថានភាពដូចជាបាក់ទំនប់ ឬក៏រត់បុកជញ្ជាំងនោះទេ រវាងបដិវត្តន៍ដែលយើងកំពុងស្ថិតនៅ ថាចូលទៅក្នុងបដិវត្តន៍ឧស្សាកម្មទី ៤។ ការពិត លើស្ថានភាពជាក់ស្តែង វាកំពុងបាន និងកើតរួចស្រេចទៅហើយ។ សព្វថ្ងៃនេះ យើងកំពុងស្ថិតនៅក្នុងដំណាក់កាលដូចជា ការធ្វើចរា​ចរណ៍មួយពីផ្លូវដែលតូចល្មម ទៅកាន់ផ្លូវធំជាងតែប៉ុណ្ណោះ។ ដូច្នេះ វាមិនមានហានិភ័យណាមួយកើតឡើងរបៀបជាការបាក់ទំនប់នៅប្រទេសឡាវ ឬបាក់ទំនប់នៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ ព្រោះលើការជាក់ស្តែង ក្នុងប៉ុន្មានឆ្នាំមុននេះ តើយើងផ្ញើសារជូនគ្នាតាមរបៀបណា? ឥឡូវ យើងផ្ញើសារជូនគ្នាតាមរបៀបណា? សូម្បីតែការដោះស្រាយបញ្ហាមួយចំនួន យើងបាន និងកំពុងស្ថិតនៅក្នុង​បដិវត្តន៍ឧស្សាហកម្មទី ៤ រួចស្រេចទៅហើយ។ ដូច្នេះ ខ្ញុំគិតថា វាមិនមានការផ្លាស់ប្ដូរទស្សនៈណាមួយកើតឡើង ឬការផ្លាស់ប្ដូរណាមួយក្នុងទំនាក់ទំនងរវាងប្រទេស និងប្រទេស រវាងប្រទេសជិតខាង និងប្រទេសជិតខាង និងជាមួយនឹងបណ្ដាប្រទេសនៅក្រៅតំបន់នោះទេ។ ផ្ទុយទៅវិញ អ្វីដែលយើងបាន និងកំពុងមាន វាកំពុងទៅតាមសម្រួល គ្រាន់តែយើងរត់ឲ្យទាន់ជាមួយនឹងសភាពការណ៍ទាំងអស់នោះ ដែលខ្ញុំមើលឃើញថា សម្រាប់បណ្តាប្រទេសនៅក្នុងមេគង្គ ឬអាចហៅថា ACMECS​​ បញ្ហាសំខាន់របស់យើងជាអាទិភាព នៅតែជាបញ្ហាតភ្ជាប់ ដើម្បីធានាថា ធ្វើឲ្យប្រទេសរបស់យើងទាំងអស់ ទៅមករកគ្នាក្នុងស្ថានភាពមួយដោយងាយស្រួល គឺយើងតភ្ជាប់ទាំងផ្នែករូបវ័ន្ត តភ្ជាប់ទាំងផ្នែកទេសចរណ៍ ហើយក្នុងនោះទៀត អ្វីដែលសំខាន់ជាងនេះទៀតគឺការតភ្ជាប់ពាក់ព័ន្ធជាមួយនឹងការសម្រួលទិដ្ឋភាពផ្លូវច្បាប់។…

Details