សុន្ទរកថា ក្នុងពិធីបើកវេទិកាយុវជនឤស៊ី ២០១៦ ក្រោមប្រធានបទ «សន្តិភាព ប្រជាធិបតេយ្យ និង ភាពជាដៃគូក្នុងតំបន់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»

– ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនឤស៊ី – ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា – ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងគណៈប្រតិភូយុវជនម​កពីបណ្តាប្រទេសដែលបាន​ចូលរួមទាំងអស់ – អង្គវេទិកាទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមនៅក្នុងពិធី «បើកវេទិកាយុវជនឤស៊ី ២០១៦» ក្រោមប្រធានបទ «សន្តិភាព, ប្រជាធិបតេយ្យ និងភាពជាដៃគូ ក្នុងតំបន់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍប្រកប​ដោយចីរភាព» ដ៏មានខ្លឹមសារ និងមានសារៈសំខាន់បំផុត ស្របទៅនឹងនិន្នាការក្នុងស្ថានភាពបច្ចុប្បន្ន​នេះ។ ប្រធានបទនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំ ចំពោះតួនាទីយ៉ាងសំខាន់របស់យុវជន​គ្រប់រូប ក្នុងការរួបរួមសាមគ្គីគ្នា និងសហការគ្នា កសាងវប្បធម៌សន្តិភាព និងចូលរួមចំណែកដល់​ការអភិវឌ្ឍទាំងនៅក្នុងកម្រិតជាតិ, តំបន់ និងទូទាំងពិភពលោក។ ឆ្លៀតកក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការកោតសរសើរដល់សហភាព​សហព័ន្ធយុវជនកម្ពុជា និងក្រុមប្រឹក្សាយុវជនឤស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការផ្តួចផើ្តម និងរៀបចំវេទិកាយុវជន ២០១៦ នេះឡើង ក្នុងគោលដៅបន្តពង្រឹងនូវទំនាក់ទំនងរបស់យុវជនដែលមកពី​បណ្តាប្រទេស, អង្គការ និងមជ្ឈដ្ឋានផ្សេងៗគ្នា ឱ្យមានឆន្ទៈរួមគ្នា និងគោលបំណងដូចគ្នា​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម ហើយក៏ដើម្បីទទួលនូវគំនិតយោបល់របស់យុវជន…

Details