សន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃប្រតិបត្តិការរុករក និងសង្គ្រោះ ជនរងគ្រោះ ពីគំនរអគារ ៧ ជាន់នៅខេត្តកែប

• “… ប្រតិបត្តិការនេះប្រើពេលយូរ រហូតទៅដល់ ៤៣ ម៉ោង។ ប៉ុន្តែ ខ្ញុំបានដាក់ចេញនូវបទបញ្ជាសម្រាប់សង្គ្រោះនៅទីនេះ គឺទី ១ ត្រូវឱ្យអាទិភាពខ្ពស់ទៅលើការសង្គ្រោះជីវិតមនុស្ស … ដូច្នេះហើយ នៅពេលដែលយើងរុករកឃើញមានសញ្ញាណាមួយដែលមិនប្រក្រតី ហើយដែលអាចសង្ស័យថាមានមនុស្ស យើងត្រូវតែបញ្ឈប់នូវគ្រឿងចក្រទាំងឡាយ ហើយប្រើដោយមធ្យោបាយផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើទៅបាន … ទី ២ គឺគោរពទៅដល់សាកសព បើទោះបីជាពួកគាត់បានស្លាប់ទៅហើយ តែយើងត្រូវតែធានាថា សាកសពទាំងនោះមិនត្រូវបានពុះជ្រៀកដោយសារគ្រឿងចក្ររបស់យើងទេ …”

• “… ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការអរព្រះគុណចំពោះព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្តេចម៉ែជាទីសក្ការៈ ដែលព្រះអង្គតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជារាស្ត្ររបស់ព្រះអង្គ ដែលរាប់ទាំងការចូលរួមវិភាគទានជាថវិកា … មកជូនរាជរដ្ឋាភិបាលដើម្បីបន្តផ្តល់ជូនទៅដល់ជនរងគ្រោះ។ អរគុណចំពោះស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងអរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមវិភាគទាន … ខ្ញុំចង់សម្តែង(អំណរគុណ)ខ្លាំងជាងគេ គឺកម្លាំងប្រតិបត្តិការនៅទីនេះផ្ទាល់តែម្តង ដែលខ្ញុំចាត់ទុកថា ជាបង្អែកនៃកម្លាំងរបស់ជាតិរបស់យើង ដែលខ្ញុំមានមោទនភាពខ្លាំងណាស់ … យើងត្រូវរៀបចំផែនការហ្វឹកហាត់បន្ថែម …”

• “… មានអ្នកវាយសារចូលមកក្នុង WhatsApp និង Telegram របស់ខ្ញុំ ធ្វើការស្តីបន្ទោសអ្នកនេះ/អ្នកនោះ ត្រូវការដកអ្នកនេះ/អ្នកនោះ ក្នុងពេលដែលយើងជាប់ជំពាក់អំពីអ្វីដែលជាការគិតដំបូងបំផុត គឺបញ្ហាសង្គ្រោះជីវិតរបស់ពលរដ្ឋរបស់យើង … ដើម្បីចៀសវាងនូវការសង្ស័យណាមួយ អភិបាលខេត្តកែប និងមន្ត្រីក្នុងខេត្ត មិនត្រូវបានដកចេញពីតំណែងទេ … ខ្ញុំនឹងពិនិត្យមើលមន្ត្រីដែលវាយចូលក្នុង WhatsApp របស់ខ្ញុំ និងការបង្ហោះតាមហ្វេកប៊ុកមួយចំនួន ដើម្បីខ្ញុំចាត់ការទៅថ្ងៃក្រោយដើម្បីព្រមាន …”

• “… (អំពី)ម្ចាស់សំណង់ … តាមដឹងស្នងការនគរបាលខេត្តកែប នឹងបញ្ជូនទៅតុលាការខេត្តកំពត ហើយពេលនោះនីតិវិធីតុលាការយ៉ាងណា គឺអាស្រ័យទៅលើតុលាការ។ សំណងរដ្ឋប្បវេណី គឺត្រូវតែប្តឹងទាមទារ … ខ្ញុំបានសម្រេចពីម្សិលមិញ សម្រាប់អ្នករបួសម្នាក់ គឺទទួលបានថវិកាចំនួន ១ ម៉ឺនដុល្លារ។ ដោយឡែក ករណីពិសេស គឺករណីដែលអ្នករកបាននៅក្នុងគំនរបាក់បែកដូចជា ៧ នាក់ គឺបានទទួលម្នាក់ ២ ម៉ឺនដុល្លារ។ សម្រាប់សាកសព គឺក្នុងម្នាក់ចំនួន ៥ ម៉ឺនដុល្លារ និងប្រាក់សម្រាប់ធ្វើបុណ្យ ១០ លានរៀល …”

សម្តេចតេជោ ហ៊ុន សែន, សន្និសីទកាសែតអំពីលទ្ធផល នៃប្រតិបត្តិការរុករកជនរងគ្រោះ នៅក្នុងគំនរអគារ ៧ ជាន់ ខេត្តកែប, ៥ មករា ២០២០

Details

សេចក្តីដកស្រង់សង្កថា ក្នុងពិធីបុណ្យសមុទ្រ លើកទី ៦ ឆ្នាំ ២០១៧

… សូមស្នើអ្នកខាងដាក់សុន្ទរកថា ដកចេញ ដោយសារខ្ញុំមិនអានសុន្ទរកថាទេ។ ជាទម្លាប់(មានការ)ព្រៀង​ឲ្យខ្ញុំ​។ ប៉ុន្តែ អ្វីដែល(ខ្ញុំប្រើគឺ)ជា(ការព្រៀង)របស់ខ្ញុំនៅក្នុងទូរស័ព្ទវិញទេ។ សូមដកយកសុន្ទរកថាខ្ញុំចេញ ព្រោះខ្ញុំមិនអានសុន្ទរកថា ដែលបានព្រៀងទុកនោះទេ។ បុណ្យសមុទ្រធ្វើរាល់ឆ្នាំ, ឆ្នាំក្រោយធ្វើនៅកោះកុង ដំបូងក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញមកពីគ្រប់ទិសទីដើម្បីចូលរួមនៅ បុណ្យសមុទ្រលើកទី ៦ នៅខេត្តកែបរបស់យើងនេះ។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីស្វាគមន៍ផងដែរ ជាមួយ នឹងវត្តមាននៃប្រិយមិត្តបរទេសទាំងឡាយ រាប់ទាំងសិល្បករ សិល្បការិនី ដែលបានអញ្ជើញមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកពីព្រះរាជាណាចក្រថៃ មកពីសាធារណរដ្ឋឥណ្ឌា​ មកពីឥណ្ឌូនេស៊ី ហើយក្នុងនោះក៏មានពីព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។ ពិធីបុណ្យសមុទ្រដែលយើងបានរៀបចំជារៀងរាល់ឆ្នាំ មិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែករបស់ខេត្តនីមួយៗ ដូចជានៅខេត្តកែបនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែនេះគឺជាឱកាស នៃការជួបជុំគ្នាមួយនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលក្នុងនោះ វត្តមានស្តង់ជាច្រើន បង្ហាញនៅថ្ងៃនេះ តាមបណ្តាខេត្ត បណ្តាស្ថាប័ន និងក្រុមហ៊ុននានា ផ្តល់ឱកាសអោយយើងទាំងអស់គ្នាយល់ដឹងពីការរីកចម្រើនជាទូទៅសម្រាប់ប្រទេសរបស់ជាតិ។ នៅរៀងរាល់ចុងឆ្នាំម្តងៗ យើងតែងធ្វើពិធីជួបជុំគ្នានៅតាមមាត់សមុទ្រ ដែលហៅថា បុណ្យសមុទ្រ ហើយនៅមុនពិធីចូលឆ្នាំខ្មែរ យើងក៏មានការជួបជុំគ្នា នៅអង្គរសង្គ្រាន ដែលជាពិធីជួបជុំក្នុងចំណោមប្រជាជនកម្ពុជារបស់យើង។…

Details

សេចក្តីដកស្រង់សង្កថា ក្នុងពិធីបុណ្យសមុទ្រលើកទី ៥ ក្រោមប្រធានបទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់»

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា បងប្អូន ជនរួមជាតិ​ ដែលបាន​អញ្ជើញ​ចូល​រួម​ក្នុង​ឱកាសនេះ ក៏ដូចជាជនរួមជាតិ ដែលមើលតាមការផ្សាយបន្តផ្ទាល់ទាំងក្នុង និងក្រៅប្រទេស ​​ជា​ទី​គោរ​ព​រាប់​អាន អរគុណស្ថាប័នពាក់ព័ន្ធទាំងអស់ និងវិស័យ​ឯកជនផងដែរ ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានការរីករាយដែលបានចូលរួមបើកពិធីបុណ្យសមុទ្រ លើកទី ៥ ក្រោមប្រធា​ន​បទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់»។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម​សម្តែង​នូវការ​កោតសរសើរចំពោះការខិតខំទាំងអស់របស់អាជ្ញាធរ គណៈអភិបាលខេត្តព្រះសីហនុ ក៏ដូចជា​ផ្នែក​ពាក់​ព័ន្ធ ព្រមទាំងក្រសួងទេសចរណ៍ ក៏ដូចជាគណៈកម្មការអន្តរក្រសួង នៅក្នុងការរៀបចំពិធីនេះ។ សូម​សម្តែង​​នូវការអរគុណ​ និងកោតសរសើរចំពោះការចូលរួមនូវគ្រប់តួអង្គពាក់ព័ន្ធ ក្នុងនោះក៏​មាន​វិស័យឯក​ជន​ផងដែរ ដែលបានចូលរួមឧបត្ថម្ភផង និងចូលរួមនៅក្នុងដំណើរការនៃបុណ្យសមុទ្រ ក្នុង​រយៈ​ពេល ៥ ឆ្នាំ កន្លងផុតទៅ។ តំណាងប្រជាជន ១៣០០ លាននាក់ ចូលរួមបុណ្យសមុទ្រ ​ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដោយសារវាជាខួប ៥ ឆ្នាំ នៃបុណ្យសមុទ្ររបស់យើង ដែលក្នុង​ប៉ុន្មានឆ្នាំ​មុននេះ ខ្ញុំបានប្រគល់ឲ្យឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ…

Details