សេក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

(១) ដរាបណាខ្ញុំនៅមានដង្ហើម ដរាបនោះខ្ញុំនៅតែបន្តការសិក្សា ជាដំបូង អនុញ្ញាតឱ្យខ្ញុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបាន សម្រេចផ្តល់ដល់រូមខ្ញុំនូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភា ជាពិសេស ក្រសួងអប់រំ ដែលបានវាយតម្លៃចំពោះស្នាដៃរបស់ខ្ញុំ ហើយសម្រេចផ្តល់នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍សម្រាប់រូបខ្ញុំ។ ខ្ញុំសូមអរគុណ ចំពោះសុន្ទរកថាបូកសរុបរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានឡើងថ្លែងអម្បាញ់​មិញនេះ ហើយខ្ញុំទទួលយកនូវការពេញចិត្តជាមួយនឹងការវាយតម្លៃទាំងប្រាំចំណុច ពាក់ព័ន្ធជាមួយនឹងចរិតលក្ខណរបស់ខ្ញុំ នោះគឺខ្ញុំបានក្លាយទៅជាអ្នកដែលរៀនសូត្រពេញមួយជីវិត មិនមែនបញ្ចប់ត្រឹមថ្ងៃនេះទេ។ ខ្ញុំនៅតែជឿជាក់ខ្លួនឯងថា ដរាបណាខ្ញុំនៅមានដង្ហើម ដរាបនោះខ្ញុំនៅតែបន្តការសិក្សា។ ខ្ញុំសូមអរគុណ ចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក៏ដូចជាសាស្ត្រាចារ្យនៅក្នុងសាកលវិទ្យាល័យ ដែលបាន ផ្តល់នូវការវាយតម្លៃខ្ពស់សម្រាប់រូបខ្ញុំ ហើយចាប់ផ្តើមពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះហើយ ដែលខ្ញុំ​មានមូលដ្ឋានដើម្បីស្វែងរកឱកាសក្រោយឧត្តមសិក្សា គឺថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនយោបាយ។ រូបភាពនោះជារូបភាពខ្ញុំធ្វើសារណាបញ្ចប់បរិញ្ញាបត្រនៅទីនេះ ដើម្បីមានមូលដ្ឋានឆ្ពោះទៅរកបណ្ឌិតវិទ្យាសាស្ត្រនយោបាយ។ ពិតមែនហើយ មកដល់ពេលនេះ យោងទៅលើការបោះផ្សាយនូវសៀវភៅនេះ ខ្ញុំបានទទួលសញ្ញាបត្រកិត្តិ​យស​ប្រហែលជាមិនតិចជាងដប់នោះទេ ក្នុងហ្នឹងសញ្ញាបត្រកិត្តយសនៅក្នុងប្រទេសមានពីរ និងសញ្ញាបត្រដែល(បាន)មកពីក្រៅប្រទេសក៏មានច្រើន។ យើងអាចបូកសរុបនៅពេលក្រោយ។ ថ្ងៃនេះ ខ្ញុំក្លាយទៅជាឥស្សរជនខ្មែរដំបូងដែលបានទទួលនូវសញ្ញាបត្រកិត្តិយសពីសាកលវិទ្យាល័យ(ភូមិន្ទ)ភ្នំពេញនៅក្នុងដំណាក់កាលថ្មី ប៉ុន្តែយោងទៅលើឯកសារនេះ បានបញ្ជាក់ថា សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គក៏ធ្លាប់បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ(ភូមិន្ទភ្នំពេញ)នេះ…

Details