សេចក្តីដកស្រង់សង្កថា ក្នុងពិធី សម្ពោធអគារសេនាធិការដ្ឋាន សមិទ្ធផលរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស

សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរៈ គ្រប់​ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តម Geng Huichang រដ្ឋមន្រ្តី​ក្រសួងសន្តិសុខរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងប្រិយមិត្ត​បរទេស ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ដែលអញ្ជើញមកចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួម សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារ​ធ្វើការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សង្ឃឹមថា ថ្ងៃនេះ នាយទាហាន នាយទាហានរង និងពល​ទា​ហាន​ទាំងអស់ គឺពិតជាមិនឈររោយជើងពេកទេ។ ប៉ុន្តែ ខ្ញុំនៅតែកង្វល់ដោយសារតែយប់មិញនេះ ប្រ​ហែល​ជាមានមួយចំនួនមិនសម្រាកទេ រងចាំការមើលបាល់ទាត់វគ្គផ្តាច់ព្រ័ត្រ ដែលជាប្រវត្តិសាស្រ្តនៅក្នុង​ចំណោម​ការ​ប្រកួតទាំងអស់ ដែល ១០០% ចាក់ថាបារាំងឈ្នះ ប៉ុន្តែ បែរជាប៉ទុយហ្កាល់ជាអ្នកឈ្នះទៅវិញ។ នេះគឺ​ជា​រឿង​មិនគួរឲ្យជឿទាល់តែសោះ។ ប៉ុន្តែ បាល់មូលវាដូច្នេះឯង។ សង្ឃឹមថា នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ នៃកងរាជអាវុធហត្ថ ទាំងបុរស និងស្រ្តីរបស់យើង មិនមានបញ្ហាឈរនៅទីនេះនោះទេ។…

Details