សេចក្តីថ្លែងការណ៍ ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧

ឯកឧត្តម សាបា ខូរូស (Csaba Körösi) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ, ឯកឧត្ដម អង់តូនីយ៉ូ ហ្គូទរ៉ស (António Guterres)អគ្គលេខាធិការអង្គការសហប្រជាជាតិ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ! ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម សាបា ខូស្ស៊ី ដែលត្រូវបានជ្រើសរើសជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧។ ជាមួយគ្នានេះ ខ្ញុំសូមសម្ដែងនូវការកោតសរសើរដោយស្មោះជូនដល់ឯកឧត្តម អាប់ឌូឡាសាហ៊ីដ ចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំកិច្ចការរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ក្នុងពេលដ៏សែនលំបាកកន្លងមក។ ប្រធានបទនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ របស់យើង “ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា“ នេះ ពិតជាសមស្របនឹងបរិការណ៍បច្ចុប្បន្ន។ ភាពមិនប្រាកដប្រជាជាសកល កាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ តាមរយៈការកើនឡើងនូវភាពតានតឹងនៃជម្លោះប្រដាប់អាវុធ ការប្រណាំងប្រជែងសព្វាវុធ ការកើនឡើងនៃសម្ព័ន្ធភាពសន្តិសុខខ្នាតតូច សង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះពហុភាគីនិយម។ ជាក់ស្តែង សង្គ្រាមនៅអ៊ុយក្រែនបានបង្កភាពស្មុគស្មាញ មិនត្រឹមតែចំពោះទំនាក់ទំនងអន្តរជាតិនៅតំបន់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែបានបន្ទច់បង្អាក់សកម្មភាពសេដ្ឋកិច្ច ធ្វើឱ្យបញ្ហាសន្តិសុខស្បៀង និងថាមពល កាន់តែយ៉ាប់យ៉ឺន។ ការកើនឡើងនៃអរិភាពរវាងតួអង្គកាន់តែច្រើនឡើងៗដោយផ្ទាល់ ឬដោយប្រយោល និងគ្មានសញ្ញានៃការបញ្ចប់ រួមទាំងការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ…

Details