សេចក្តីស្រង់សារជាសម្លេង សម្តេចតេជោ ហ៊ុន សែន បំភ្លឺព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស្តីពីការតស៊ូរំដោះប្រទេសកម្ពុជា និងការចាប់ខ្លួនលោក ប៉ែន សុវណ្ណ

សូមជម្រាបសួរបងប្អូនទាំងអស់គ្នា។ ព្រឹកមិញខ្ញុំបាននិយាយត្រួសៗ។ ហើយ(បងប្អូន)ក៏ប្រហែលជានឹងអាចក្តាប់បានរួចហើយដែរ អំពីការបំភ្លឺរបស់ខ្ញុំទាក់ទងនឹងបញ្ហាប្រវត្តិសាស្រ្ត ហើយក៏ទាក់ទងជាមួយនឹងការលើកឡើងរបស់លោក ខាន់ សុវណ្ណ ដែលខ្ញុំធ្វើការកែតម្រូវ។ ឥឡូវ ខ្ញុំចង់បន្ថែម និយាយឡើងវិញ ដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានជ្រាបទាក់ទិនទៅនឹងដំណើររឿង។ ប្រវត្តិ​សាស្រ្ត គឺវាជាប្រវត្តិសាស្រ្ត ដែលយើងត្រូវតែនិយាយការពិតចេញមក ឲ្យត្រូវនឹងការពិត ទើបគេហៅថាប្រវត្តិ​សាស្រ្តបាន។ ប្រសិនបើយើងនិយាយខុសការពិត វាអាចនឹងបង្កើតនូវការភាន់ច្រឡំ សម្រាប់ក្មេងជំនាន់ក្រោយ ហើយបើសិនជាមានការទាក់ទិនជាមួយនឹងបរទេសទៀតសោត វានឹងអាចបង្កើតជាអរិភាពរវាងប្រ​ទេស និងប្រទេសទៀតផង។ ដូចជាករណីដែលលោក ខាន់ សុវណ្ណ បានលើកឡើងថាវាជាការដណ្តើមគ្នារវាងវៀតណាម ជាមួយនឹងសូវៀតលើបញ្ហាការតែងតាំងនាយករដ្ឋមន្រ្តី(កម្ពុជា)ជាដើម។ល។ ខ្ញុំគ្រាន់តែបញ្ជាក់ថា កម្ពុជា មិនមែនជានំ ឬមិនមែនជាដុំស្ករសម្រាប់ការដណ្តើមរបស់មហាអំណាចណាមួយទេ។ វាសំខាន់ខ្លាំងណាស់សម្រាប់សិទ្ធិសម្រេចរបស់ប្រទេសនីមួយៗ។ ប្រទេសដទៃ បើទោះបីជាចង់មានឥទ្ធិពល ឬក៏ចង់ធ្វើជាមិត្ត ឬក៏ចង់ធ្វើជាសត្រូវ ក៏វាតាមចិត្តចង់របស់ពួកគេ តែពួកគេក៏មិនអាចនឹងមើលរំលងឆន្ទៈរបស់ប្រជាពលរដ្ឋរបស់កម្ពុជា ឬរបស់ប្រទេសផ្សេងៗទៀតបានដែរ។ ចំណុចនេះ ខ្ញុំសុំបញ្ជាក់ជាការចាប់ផ្តើម ដើម្បីឈានឆ្ពោះទៅរកការតម្រង់ផ្លូវ ហើយដែលអាចផ្តល់ឱកាសឲ្យមានការផ្សព្វផ្សាយផងដែរ។ រណសិរ្សសង្គ្រោះជាតិបានបង្កើតឡើងលើមូលដ្ឋាននៃកម្លាំង ៥ យើងបានដឹងគ្រប់គ្នាហើយថា របបប្រល័យពូជសាសន៍ ប៉ុល ពត ជារបបមួយដែលយើងមិនអាចទ្រាំទ្ររស់នៅបានទេ។ ដូច្នេះ បញ្ហាដែលសំខាន់នៅពេលនោះ គឺការប្រមូលគ្រប់កម្លាំងទាំងអស់ ទោះបីមាននិន្នាការយ៉ាងណាក៏ដោយ…

Details