គម្រោងវិនិយោគចំនួន៩ ទុនវិនិយោគជាង៣៨លានដុល្លារ បង្កើតការងារថ្មីជាង១ម៉ឺនកន្លែង ត្រូវបានអនុម័ត

photo_2022-01-13_11-24-02FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន៩ទៀត ដែលមានទុនវិនិយោគជាង៣៨លានដុល្លារ ឱ្យបោះទីតាំងវិនិយោគនៅកម្ពុជា ដោយបង្កើតបានការងារជាង១ម៉ឺនកន្លែង។
ក្រុមហ៊ុនទាំងនេះ វិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល គម្រោងបង្កើតរោងចក្រផលិតកាបូប, វ៉ាលិស និងថង់យួរគ្រប់ប្រភេទ នៅខេត្តកំពង់ស្ពឺ, គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងផលិតផលប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ និងគម្រោងបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រយៈពេល១១ខែ ឆ្នាំ២០២១ ស្ថានភាពវិនិយោគនៅកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ។ ក្នុងរយៈពេល១១ខែនេះ គម្រោងវិនិយោគឯកជនសរុបមានចំនួន ១០៧គម្រោង ធ្លាក់ចុះ៣៤គម្រោង លទ្ធភាពបង្កើតកម្លាំងពលកម្មថ្មី ប្រមាណ៨៩ពាន់នាក់ធ្លាក់ចុះ ២០.៣% និងទុនវិនិយោគសរុបមានចំនួន១ ៧១៦ លានដុល្លារធ្លាក់ចុះ ៧២.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕