២៤ មិថុនា  រាជរដ្ឋាភិបាលនឹងប្រកាសជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩”

បងប្អូនជនរួមជាតិ និងក្មួយៗជាទីនឹករឮក!

ទោះបីខ្ញុំមិនបានចុះទៅជួបបងប្អូនកូនក្មួយដោយផ្ទាល់នៅតាមមូលដ្ឋាន ឬតាមរោងចក្រសហគ្រាសនានា ប៉ុន្តែសេចក្តីនឹករឮករបស់ខ្ញុំតែងតែដក់ជាប់នឹកគិតដល់បងប្អូនជនរួមជាតិគ្រប់ៗគ្នាជានិច្ច។

ពិតណាស់ក្នុងស្ថានការដែលជំងឺឆ្លង កូវីដ-១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោកគឺបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិយើងផងដែរ។ ទន្ទឹមនឹងនោះ បងប្អូនកូនក្មួយមួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមជនបទដាច់ស្រយាលមួយចំនួនក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរិះរកវិធីនានាដែលអាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់នេះ។ នៅថ្ងៃពុធ ទី២៤ មិថុនា ខាងមុខនេះ យើងនឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩”។

សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពកុំអោយឆ្លងមេរោគកូវីដ-១៩ ដោយប្រើប្រាស់ម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ។

ចំពោះក្រុមហ៊ុន និងអ្នកគ្រប់គ្រងនៅតាមទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសគ្លីនិក និងមន្ទីរពេទ្យព្យាបាលទាំងរដ្ឋ និងឯកជន ត្រូវមានទឹកអាល់កុល និងម៉ាស ដើម្បីអោយពលរដ្ឋ ឬអតិថិជនប្រើប្រាស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ពីម្នាក់ទៅម្នាក់ ព្រោះតែការមើលស្រាល និងការធ្វេសប្រហែស។

សូមជូនពរបងប្អូនចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយនៅទូទាំងប្រទេស៕