សម្តេចតេជោ ហ៊ុន សែន៖ ជំងឺដែលកម្ពុជាកំពុងជួបប្រទះពិតប្រាកដ មិនមែនជំងឺផ្លូវដង្ហើមកូរ៉ូណាទេ ប៉ុន្តែជាជំងឺភ័យខ្លាច

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ជំងឺដែលកម្ពុជាកំពុងជួបប្រទះពិតប្រាកដនាពេលនេះ មិនមែនជាងជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា (Coronavirus) នោះទេ ប៉ុន្តែគឺជាជំងឺភ័យខ្លាច ដែលកើតឡើងតាមរយៈការបំពុលព័ត៌មាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងអំឡុងពេលថ្លែងសារទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ «បញ្ហាដែលចោទឡើងប៉ុន្មានថ្ងៃនេះ តើអ្វីទៅជាបញ្ហាពិតប្រាកដ តើប្រទេសយើងកំពុងមានជំងឺអ្វីទៅ? ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះបញ្ជាក់ជូនថា ជំងឺពិតប្រាកដដែលបាននិងកំពុងកើត នៅក្នុងប្រទេសរបស់យើង គឺជំងឺភ័យខ្លាច មិនមែនជាជំងឺវីរុសកូរ៉ូណាថ្មី ដែលបានកើតចេញពីទីក្រុងវូហាន នៃប្រទេសចិននោះទេ»។ កម្ពុជាបានរកឃើញករណីឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចាកចេញពីក្រុងវូហាន ប្រទេសចិន ដែលជាក្រុងផ្ទុះជំងឺមុនគេ ហើយមកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនម្នាក់ដែលឆ្លងជំងឺនេះមានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន…

Details

សំណួរចម្លើយ ក្រោយបញ្ចប់សន្និសីទកាសែត ស្តីពី ជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (new coronavirus) នៅក្នុងប្រទេសកម្ពុជា

ដើមអំពិល៖ … សុំទោសសម្ដេចចំពោះកំហុសឆ្គងម្សិលមិញ។ ខ្ញុំបាទមានសំណួរ ២ ទាក់​ទងនឹងបញ្ហានេះ ១. តើរាជរដ្ឋាភិបាលបានត្រៀមលក្ខណៈកញ្ចប់ថវិកាចំនួនប៉ុន្មាន ដើម្បីទប់ស្កាត់​ ដែលយើងមិនអាចដឹងរយៈពេលនៃការរីករាលដាលនៃជំងឺនេះនៅក្នុងប្រទេសកម្ពុជា? ទី ២ តើសម្ដេចអាចមានការបង្កើតគណៈកម្មការចំពោះកិច្ចណាមួយ ដើម្បីតាមដាន និងវាយតម្លៃទៅលើផលប៉ះពាល់ ដែលអាចកើតមានទៅ​លើសង្គម សេដ្ឋកិច្ច ទេសចរណ៍ នៃប្រទេសកម្ពុជា នៅពេលយើងជួបនូវបញ្ហា ដែលសកលលោក​កំពុង​ប្រឈម? សម្តេចតេជោ៖ អរគុណ! ដែលចេះសុំទោសហ្នឹងត្រឹមត្រូវហើយ ព្រោះខ្លួនយើងវាផ្សាយខុស​។ ថ្ងៃក្រោយ​បទពិសោធន៍ ​ដើម​អំពិល​ ហ្នឹងក៏​ល្មមសមរម្យហើយ សារព័ត៌មានល្បីនឹងគេដែរ ប៉ុន្ដែផ្សាយព័ត៌​មាន​ខុស។ … អរគុណដែលចេះដឹងកំហុស។ ឥឡូវ សំណួរទី១ សួរថាថវិកាប៉ុន្មាន? ខ្ញុំមិនបញ្ជាក់ថាថវិកាប៉ុន្មានទេ ក៏ប៉ុន្ដែដើរដល់ណា? គឺរាជរដ្ឋា​ភិបាលនឹងចំណាយដល់នោះ។ ហ្នឹងខ្ញុំបញ្ជាក់តែប៉ុណ្ណឹងគ្រប់គ្រាន់ មិនចាំបាច់បញ្ជាក់ទំហំទេ ថាត្រូវចាយ ១០០ លាន ២០០ លាន ៣០០ លាន ឬ ១០០០ លាន រដ្ឋាភិបាលមានលុយក្នុងដៃ ដើម្បីនឹងចាយ ព្រោះ​មិនអាចទុកឱ្យប្រជាជន​ស្លាប់ដោយខ្វះការទទួលខុសត្រូវទេ។ រដ្ឋាភិបាលមានលុយ ប៉ុន្ដែ…

Details

សន្និសីទកាសែត ស្តីពី ជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (new coronavirus) នៅក្នុងប្រទេសកម្ពុជា

[…] ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះអំពាវនាវនូវចំណុចមួយចំនួន ដូចតទៅ៖
• […] ទី ១ កុំមានការភ័យខ្លាចហួសពីអ្វីដែលជារឿងពិត ដែលធ្វើឱ្យយើងខាតបង់ពេលវេលាបំពេញការងារ។ យើងអាចបញ្ចៀសបាននូវការឆ្លងមេរោគគ្រប់ប្រភេទតាមរយៈអនាម័យ (ក្នុង)ការរស់នៅ ការទទួលទាន ការធ្វើដំណើរ ការធ្វើការងារ ។ល។ […]
• […] ទី ២ ត្រូវផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋ … ហើយក៏សុំបញ្ជាក់សាជាថ្មី ប្រភពដែលយកជាការបាន គឺក្រសួងសុខាភិបាលជាអ្នកនាំមុខ ផ្តល់នូវព័ត៌មាន មិនមែនប្រតិកម្មរហ័ស មិនមែនក្រសួងព័ត៌មាន ឬក្រសួងណាផ្សេង ក្រៅពីស្ថាប័ន ដែលច្បាប់បានប្រគល់ឱ្យស្ថាប័ននេះទទួលបន្ទុក […]
• […] ទី ៣ ត្រូវដំណើរការធម្មតានូវស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស ផ្សារលក់ដូរ វត្តព្រះពុទ្ធសាសនា វិហារឥស្លាមសាសនា ក៏ដូចជាវិហារគ្រឹស្ត។ល។ […]
• […] ទី ៤ សាលារៀនគឺជាគោលដៅដែលត្រូវយកចិត្តទុកដាក់ ត្រូវផ្តល់ទំនុកចិត្តដល់សិស្ស និស្សិត មាតាបិតា អាណាព្យាបាល បញ្ជូនកូនមករៀនធម្មតា និងរៀបចំអនាម័យឱ្យបានល្អ តាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត […]
• […] ទី ៥ ត្រូវមានម៉ាសការពារនៅកន្លែងចាំបាច់ […]
• […] ទី ៦ អ្នកលក់ម៉ាសកុំឆ្លៀតដំឡើងថ្លៃ ត្រូវជួយគ្នាក្នុងគ្រាក្រ កុំឆ្លៀតកេងចំណេញពេលមានតម្រូវការ […] អំពាវនាវចំពោះរោងចក្រកាត់ដេរមួយចំនួន ជួយដេរម៉ាស់លក់ឱ្យរដ្ឋ ឬជួយដល់ប្រជាជនដែលមានតម្រូវការ […]
• […] ទី ៧ ត្រូវដំណើរការផ្នែកសេវាជាធម្មតា ដោយគ្មានការរើសអើងដូចជា សេវាទេសចរ ការដឹកជញ្ជូនផ្លូវអាកាស ការដឹកជញ្ជូនផ្លូវទឹក ដែលទាក់ទងទៅនឹងព្រលានយន្តហោះ កំពង់ផែ សណ្ឋាគារ និងសេវាដឹកជញ្ជូន […]
• […] ទី ៨ អ្នកការទូត កុងស៊ុល និងនិស្សិតកម្ពុជា ដែលកំពុងធ្វើការ និងរៀនសូត្រនៅប្រទេសចិន រាប់ទាំងនៅទីក្រុង Wuhan ត្រូវបន្តស្ថិតនៅទីនោះ និងចូលរួមជាមួយប្រជាជនចិន ដើម្បីប្រយុទ្ធជាមួយជំងឺនេះ។ កុំរត់ចោលប្រជាជនចិនក្នុងគ្រាដ៏លំបាកនេះ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» នេះជាពាក្យស្លោករបស់កម្ពុជាយើង តាំងពីដូនតាយើងមក […]
• […] (មាន)សំណូមពរ (ឱ្យកម្ពុជា)បិទជើងហោះហើរពីចិនមកកម្ពុជាទាំងអស់ ដែលនេះជាវិធានការសម្លាប់ផ្នែកមួយនៃសេដ្ឋកិច្ចជាតិ និងជាផ្នែកមួយនៃការកាត់បន្ថយទំនាក់ទំនងរវាងកម្ពុជា-ចិន […] តែយើងមិនចាំបាច់ប្រកាសបិទទេ ចិនគេប្រកាសបិទពីប្រទេសគេរួចស្រេចទៅហើយ។ មិនត្រឹមតែបិទជើងហោះហើរពី Wuhan មកកាន់កម្ពុជា ឬប្រទេសដទៃទេ គេបិទទាំងនៅក្នុងប្រទេសមិនឱ្យមានការហោះហើរពីទីក្រុង Wuhan ទៅកាន់ Beijing និងទីក្រុងដទៃទៀតនៅក្នុងប្រទេសចិន បិទទាំងផ្លូវដែក/គោក ដើម្បីទុកឱ្យមានការដោះស្រាយនៅក្នុងក្របខណ្ឌមួយ ដែលមានកម្រិតតូចជាង កុំឱ្យមានការរីករាលដាល […]
• […] (សំណូមពរ)ទី ២ គឺមានការស្នើសុំឱ្យជម្លៀសនិស្សិតខ្មែរដែលកំពុងរៀននៅចិន មកកម្ពុជាវិញ […] ខ្ញុំថាអត់ទេ។ ធ្វើយ៉ាងដូច្នេះ មិនខុសពីការរួមសុខទៅរួមសុខជាមួយគេ ដល់ទុក្ខបោះបង់គេចោល […] អត់មានតម្រូវការជម្លៀសនិស្សិតខ្មែរ អ្នកការទូតខ្មែរ កុងស៊ុលខ្មែរនៅតាមបណ្តាទីកន្លែងនានាមក កាន់កម្ពុជាទេ […] ប្រសិនបើជ្រុលជម្លៀសហើយ បានសេចក្តីថា មិនចាំបាច់សុំអាហារូបករណ៍ចិនទៅទៀតទេ ច្បាស់ជាចិននឹងមិនឱ្យទេ អាហ្នឹងខ្ញុំប៉ាន់ស្មានទុក ខ្ញុំមិនដឹងថា ចិនគាត់គិតយ៉ាងម៉េចទេ […]
សម្តេចតេជោ ហ៊ុន សែន, សន្និសីតកាសែត ស្តីពីស្ថានភាពជំងឺរលាកផ្លូវដង្ហើម កូរ៉ូណាថ្មី នៅកម្ពុជា, ៣០ មករា ២០២០

Details