សេចក្តីដកស្រង់ប្រសាសន៍ ពិធីសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ ថៃប៊ុនរ៉ុង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណទាំងពីគណៈ! ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! ហាគឹមទួន សាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ និងនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកខេត្តកំពតសាជាថ្មីម្ដងទៀត បន្ទាប់ពីប៉ុន្មានខែមុននោះ មកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវកន្លែងទឹកស្អាតនៅជិតទីរួមខេត្តកំពត។ សំរាប់ផ្នែកស៊ីម៉ង់ត៍ កាលពីខែ កុម្ភៈ ២០១៨ ក៏បានមកសម្ពោធដាក់ឱ្យប្រើប្រាស់នូវសាជីវកម្ម ជីបម៉ុង នៅ​​ស្រុកបន្ទាយមាស។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ថៃប៊ុនរ៉ុង ដែលស្ថិតនៅចំ(ពី)មុខយើងនេះ ហើយដែលមានទីតាំងនៅស្រុកដងទង់ ខេត្តកំពតរបស់យើង។ សមត្ថភាពផលិត នៃរោងចក្រស៊ីម៉ង់ត៍របស់យើងមកដល់ពេលនេះ មានប្រមាណ ៨ លានតោន នេះជាសមិទ្ធផលថ្មីមួយទៀត បន្ថែមទៅលើសមិទ្ធផលចាស់ ដែលយើងមានកន្លងទៅ។ ឯកឧត្តម​រដ្ឋមន្រ្តី ស៊ុយ សែម បានធ្វើរបាយការណ៍អម្បាញ់មិញ សមត្ថភាពផលិត នៃរោងចក្រស៊ីម៉ង់ត៍របស់យើងមកដល់ពេលនេះ មានប្រមាណ ៨ លានតោន ហើយក៏វាបានចំណេញថវិកាប្រមាណ ៥០០ លានដុល្លារសហរដ្ឋអាមេរិក ដែលយើងមិនត្រូវយកទៅទិញពីបរទេសនោះទេ។…

Details