សុន្ទរកថា ក្នុងវេទិការធុរកិច្ចកម្ពុជា-កូរ៉េ

ឯកឧត្តម ម៉ូន ចេអ៊ិន (Moon Jae In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ​ ! ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្ដិយស ទាំងអស់នៅទីនេះជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយដែលបានចូលរួមពិធីអាហារថ្ងៃត្រង់ នាឱកាសវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ​​ ​ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ ក្នុងឱកាសដ៏សែនមនោរម្យនាថ្ងៃនេះ ខ្ញុំសូមសម្ដែងការស្វាគមន៍ដ៏កក់ក្ដៅបំផុតជូនចំពោះវត្តមានឯកឧត្តម​ មូន ចេអ៊ិន (Moon Jae-In)ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងដំណើរទស្សនកិច្ច​ផ្លូវរដ្ឋរបស់ឯកឧត្តម និង​ប្រតិភូធុរជន និងអ្នក​វិនិ​យោគ​កូរ៉េ​ ដែលបានអមដំណើរ និងសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចំរើន​របស់​កម្ពុជា។ វេទិកានាថ្ងៃនេះ ផ្ដល់ឱកាសឲ្យខ្ញុំចែករំលែកព័ត៌មានអំពីការវិវឌ្ឍសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្ត​ភាព​ ​​និងសក្ដានុពលធុរកិច្ច និងការវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេលបច្ចុប្បន្នសំដៅធ្វើឲ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា​។ កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អជាមួយគ្នាជាយូរយារណាស់មកហើយ​ ប៉ុន្ដែទំនាក់​ទំនងនេះ​ត្រូវបានផ្អាកមួយរយៈដោយបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា។ ទំនាក់ទំនងការទូតនេះត្រូវបានតភ្ជាប់​ឡើងវិញ​នៅ​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៩៩៧ បន្ទាប់ពីខ្ញុំបានធ្វើទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ នៅ ខែ កក្កដា ឆ្នាំ ១៩៩៦ និងបានសម្រេចឲ្យមានទំនាក់ទំនងឡើងវិញរវាងប្រទេសយើងទាំងពី​រ។…

Details