គ.ជ.ប បង្ហាញឈ្មោះ​បេក្ខជន​ជាប់​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី​៤ ទាំង​២៥រាជធានី-ខេត្ត​

fn-2017-06-28-21-32-48-0FN ៖ ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២0១៧នេះ បានចេញ​បង្ហាញឈ្មោះ​បេក្ខជនជាប់ឆ្នោត ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ-​សង្កាត់ ​អាណត្តិ​ទី​៤​នេះ ទាំង២៥រាជធានី-ខេត្ត​។

ក្នុងចំណោម​គណបក្ស​ទាំង​១២ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ​អាណត្តិ​ទី​៤ មានតែ​គណបក្ស​៧​ប៉ុណ្ណោះ ដែល​ទទួលបានអាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេងឆ្នោត​ច្រើនជាងគេ​ ដោយគណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​ចំនួន ៣,៥៤០,០៥៦សំឡេង ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេងឆ្នោត​ចំនួន ៣,០៥៦,៨២៤សំឡេង​។

បើ​គិតជា​អាសនៈគណបក្ស​ប្រជាជន​កម្ពុជាទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​ ៦,៥០៣ (​បាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​ចំនួន​ ១,១៥៦) គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​ ៥,០០៧ (​បាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​ចំនួន៤៨៩)​។​

​គណបក្ស​៥​ទៀត មាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ​២៨ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ​២៤ (​បាន​តំណែង​ជា​មេឃុំ​១) គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ​៥ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​) គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ​៤ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​) និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន ​១ (​មិនបាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​)​។ ​ចំណែកឯ​គណបក្ស​៥​ទៀត បានទទួល​ត្រឹម​សំឡេងឆ្នោត​ប៉ុណ្ណោះ តែ​មិនបាន​ទទួល​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ឡើយ​៕