ជំនួបទ្វេភាគី ពង្រឹងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ

12901381_979745715407259_2094340277856948740_oរសៀលថ្ងៃទី ២៣ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សា​ការងារទ្វេភាគីជាមួយ ឯឧ Li Keqiang នាយករដ្ឋមន្រ្តីចិន ដើម្បីពង្រឹងមិត្តភាព និងសហប្រតិបត្តិការ ជាដៃគូ​យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ សម្តេចតេជោ បានស្នើអោយមិត្តចិន ជួយពិនិត្យ និងសម្រេចអោយបានឆាប់នូវ​គម្រោងសាងសង់ពហុកីឡាដ្ឋានមរតកតេជោ និងមន្ទីរពេទ្យចំនួន ៣ ដែលមិត្តចិនបានយល់ព្រមរួចហើយ។ សម្តេចតេជោ បានស្នើសុំអោយមិត្តចិនជួយកសាងផ្លូវរថភ្លើងលឿន ពីភ្នំពេញទៅក្រុងព្រះសីហនុ និងព្រលាន​យន្ត​ហោះថ្មីនៅខេត្តសៀមរាប។ សម្តេចតេជោ សង្ឃឹមយ៉ាងមុតមាំថា ទំហំពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរ​នឹង​កើនឡើងដល់ ៥ ពាន់លានដុល្លារ នៅពេលដ៏ខ្លី ហើយស្នើអោយមិត្តចិនជួយផ្តល់លទ្ធភាពអោយបានទូលាយ​ក្នុងការនាំផលិតផលកសិកម្ម ជាពិសេស អង្ករពីកម្ពុជាមកប្រទេសចិន។ នាយករដ្ឋមន្រ្តី Li Keqiang បាន​គាំទ្រដល់សំណើទាំងអស់ ហើយអះអាងថាភាគីចិននឹងពិនិត្យឯកសារគម្រោងអោយបានរហ័ស ដើម្បីអាច​ចាប់ដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខ ហើយសន្យាជួយគៀងគរ និងជំរុញអ្នកវិនិយោគ​ទុនចិន​អោយបណ្តាក់ទុននៅកម្ពុជា រួមទាំងការតម្លើងរោងចក្រប្រកបដោយបច្ចេកទេសខ្ពស់ ដើម្បីកម្ពុជាមាន​លទ្ធ​ភាពផលិតទំនិញមានគុណភាព តាមស្តង់ដាអន្តរជាតិសម្រាប់នាំចេញទៅកាន់ប្រទេសចិន និងបណ្តា​ប្រទេស​នានាក្នុងពិភពលោក។ ជាមួយគ្នានេះ ភាគីចិនពេញចិត្តក្នុងការចូលរួមជួយកម្ពុជា ធ្វើការថែរក្សា និងជួសជុល​ប្រាសាទព្រះវិហារអោយបានគង់វង្ស៕

សុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី ១

ឯកឧត្តម លី កឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សជាអនេក ដែលបានចូលរួម «កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី ១» នៅទីក្រុងសានយ៉ា ខេត្តហាយណានដ៏ស្រស់ស្អាតនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជា ណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជននៃ សាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះរូបខ្ញុំ និងគណៈប្រតិភូកម្ពុ ជា។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ សម្តែងនូវការអបអរសាទរចំពោះការសម្រេចបានជាស្ថាពរ នូវគំនិតផ្តួចផ្តើមរបស់ឯក ឧត្តម លី កឺឈាង ក្នុងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលត្រូវបានស្នើឡើង នៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី ១៧ កាលពីថ្ងៃទី ១៣ វិច្ឆិកា ឆ្នាំ ២០១៤ នៅទីក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ពិតជាមានអត្ថន័យដ៏សំខាន់ទាំងក្នុងទិដ្ឋភាព ប្រវត្តិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច ពិសេសគឺការតភ្ជាប់រូបវ័ន្តយ៉ាងទូលំទូលាយ និងប្រកបដោយ​សក្តានុ​ពល…

Details