(ប្រែសំរួលក្រៅផ្លូវការ ពីភាសាអង់គ្លេស តាមវ៉ែបសាយត៍ www.cnv.org.kh)

 

ជីវប្រវត្តិសង្ខេប

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

photo bioព័ត៌មានផ្ទាល់ខ្លួន

កើតនៅថ្ងៃ ០៥ សីហា ឆ្នាំ ១៩៥២ (ចុះបញ្ជីផ្លូវការថ្ងៃ ០៤ មេសា ១៩៥១) នៅឃុំពាមកោះស្នា ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់​ចាម លោក ហ៊ុន សែន បានសិក្សានៅក្នុងស្រុកភូមិ ហើយនៅឆ្នាំ ១៩៦៤ បានមក​រស់​នៅ​ក្នុងវត្តនាគវ័ន្ត នាទីក្រុងភ្នំពេញ ដើម្បីបន្តការសិក្សា នៅវិទ្យាល័យ ឥន្ទ្រៈទេវី។

នៅឆ្នាំ ១៩៧០ ពេលដែលកម្ពុជាត្រូវបានរុញច្រានអោយធ្លាក់ចូលក្នុងភ្លើងសង្រ្គាម និងដោយឆ្លើយ​តប​ចំ​ពោះការអំពាវនាវរបស់សម្តេច សីហនុ នាពេលនោះ អោយប្រជាជនកម្ពុជាចូលរួមក្នុងសង្រ្គាមប្រ​ឆាំង​​ចក្រពត្តិនិយម នៅក្នុងវ័យ ១៨ ឆ្នាំ លោក ហ៊ុន សែន បានចូលរួមជាមួយចលនាតស៊ូ ដែល​ក្រោយមកបានរំដោះប្រទេសនៅថ្ងៃ ១៧ មេសា ១៩៧៥។

មួយថ្ងៃមុនថ្ងៃជ័យជំនះ គឺថ្ងៃ ១៦ មេសា ១៩៧៥ លោក ហ៊ុន សែន បានត្រូវរបួសភ្នែកខាងឆ្វេង។ ពេល​បានជាសះស្បើយ បន្ទាប់ពីការព្យាបាលអស់រយៈពេលជាយូរខែ លោក ហ៊ុន សែន ក៏បាន​រៀប​អា​ពាហ៍ពិពាហ៍ជាមួយលោកស្រី ប៊ុន រ៉ានី។ សម្តេច ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន មាន​កូនទាំងអស់ ៦ នាក់គឺ៖ ១) ហ៊ុន កំសត់ (១០ វិច្ឆិកា ១៩៧៦ – ស្លាប់), ២) ហ៊ុន ម៉ាណែត (២០ កក្កដា ១៩៧៧), ៣) ហ៊ុន ម៉ាណា (១៥ កញ្ញា ១៩៨០), ៤) ហ៊ុន ម៉ានិត (១៧ តុលា ១៩៨១), ហ៊ុន ម៉ា​នី (២៧ វិច្ឆិកា ១៩៨២) និង ហ៊ុន ម៉ាលី (៣០ ធ្នូ ១៩៨៣)។

អាជីពនយោបាយ

មើលឃើញពីការប្រល័យពូជសាសន៍នៃនយោបាយរបស់ ប៉ុល ពត នៅឆ្នាំ ១៩៧៧ លោក ហ៊ុន សែន បានចាកចេញពីគ្រួសារជាទីស្រឡាញ់ម្តងទៀត ដើម្បីដឹកនាំចលនាតស៊ូមួយ ដែលមានគោល​បំ​ណង​រំ​ដោះប្រទេសកម្ពុជា និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍។ នៅឆ្នាំ ១៩៧៨ លោក ហ៊ុន សែន បានក្លាយជា សមាជិកស្ថាបនិកនៃរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ដោយមានការ​សហការ​ជាមួយ​ចលនាស្នេហាជាតិនានា និងការគាំទ្រពីកងកម្លាំងស្ម័គ្រចិត្តវៀតណាម រណៈសិរ្សបាន​សង្គ្រោះ​ប្រទេស និងប្រជាជនកម្ពុជាទាំងស្រុងនៅថ្ងៃ ០៧ មករា ១៩៧៩។

ចាប់ពីឆ្នាំ ១៩៧៩ ដល់មុនឆ្នាំ ១៩៩៣ លោក ហ៊ុន សែន បានទទួលដឹកនាំមុខតំណែងជាច្រើន ក្នុង​រដ្ឋ​​បាលកម្ពុជា ទាំងក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងក្រោយមករដ្ឋកម្ពុជា។ ជារដ្ឋ​មន្ត្រី​ការ​បរ​ទេសនៅឆ្នាំ ១៩៧៩ ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨១ ដល់ ១៩៨៥ និងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសពីឆ្នាំ ១៩៨៥ ដល់ ១៩៩១ លោក ហ៊ុន សែន បាន​ធ្វើអោយ​មានមនុញ្ញផលគួរអោយកត់សំគាល់ជាច្រើន ដែលរៀបរៀងបានជាមូលដ្ឋាន​សំរាប់ធ្វើ​អោយ​មានសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍នៅកម្ពុជា។ តាមរយៈការរួមចំណែក​ប្រកប​ដោយ​សុច្ឆន្ទៈ និងការ​ប្រឹងប្រែង លោកបានសំដែងអោយឃើញថា ជាស្ថាបត្យករដ៏មោះមុតមួយរូបនៃ​កិច្ច​ព្រមព្រៀងសន្តិភាព​ស្តីពីកម្ពុជា។

ឆ្លងតាមការអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាព និងការបោះឆ្នោតសកលឆ្នាំ ១៩៩៣ ចាប់ពីឆ្នាំ ១៩៩៣ ដល់ ១៩៩៨ លោក ហ៊ុន សែន មានភ័ព្វវាស​នាបានបំរើប្រទេសកម្ពុជាជាបន្តទៀត ក្នុងឋានៈជាសហ​នា​យក​រដ្ឋមន្ត្រី និងក្រោយមកជានាយករដ្ឋមន្ត្រីទីពីរ នៃរាជរដ្ឋាភិបាលចម្រុះលើកដំបូងរបស់កម្ពុជា។ នៅ​ក្នុងតំ​ណែងនេះ ជាថ្មីម្តងទៀត លោកបានបង្ហាញអោយឃើញថា ជាសកម្មជនដ៏ស្វាហាប់ដែល​ការពារជា​ដាច់ខាតនូវមនុញ្ញផលជាតិ និងធ្វើអោយសំរេចតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ក្នុង​រយៈពេល​នេះ លោកបានយកចិត្តទុកដាក់មិនអាចគណនាបាន លើការធ្វើអោយប្រសើរឡើងនូវផ្លូវ​ជន​​បទ សាលា​រៀន មន្ទីរសុខភាព និងទឹកស្អាត។

ខែ កក្កដា ឆ្នាំ ១៩៩៨ ការបោះឆ្នោតសកលលើកទីពីរ បានដំណើរការ ហើយនាំជាជោគជ័យអោយ​គណបក្សប្រជាជន ដែលលោក ហ៊ុន សែន ជាអនុប្រធាន។ លោកបានក្លាយជា នាយករដ្ឋមន្រ្តី ដឹក​នាំ​​រដ្ឋាភិបាលចម្រុះទីពីរ ដែលមានគណបក្សនយោបាយធំពីរចូលរួម គឺគណបក្សប្រជាជន និង​គណបក្ស ហ៊្វុនស៊ីនប៉ិច ហើយបានប្រកាសជាឱឡារិកថា រដ្ឋាភិបាលរបស់លោក គឺជា “រដ្ឋាភិបាល​សេដ្ឋ​កិច្ច”។ គឺជាមួយនឹងការដឹកនាំរបស់លោកហើយ ដែលកម្ពុជាបានក្លាយជាសមាជិកទី ១០ នៃ​សមា​គមប្រជាជាតិអាស៊ីភាគអាគ្នេយ៍ និងបានបញ្ចប់តាមរយៈនយោបាយឈ្នះៗ នូវការគំរាមកំហែង​របស់​ខ្មែរ​ក្រហម ដោយ​ការធ្វើអោយឯកភាពទឹកដីកម្ពុជាទាំងមូល។

តាមរយៈការបោះឆ្នោតសកលនៅខែ កក្កដា ឆ្នាំ ២០០៣ ក្នុងនាមជាបេក្ខជនរបស់គណបក្ស​ប្រជាជន​សំ​​រាប់​មុខតំណែងនាយករដ្ឋមន្ត្រី ជាថ្មីម្តងទៀត សម្តេច ហ៊ុន សែន បានដឹកនាំគណបក្សប្រជាជន​កម្ពុជាអោយទទួលបានជោគជ័យ។ ក្រោយរយៈ ១១ ខែ នៃការស្រាយវិបត្តិនយោបាយ សម្តេចបាន​ទទួល​ជោគ​ជ័យក្នុងការបង្កើតសម្ព័ន្ធភាពជាថ្មីជាមួយគណបក្សហ៊្វុនស៊ីនប៉ិច។ នៅថ្ងៃ ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ដោយអនុវត្តធម្មនុញ្ញបន្ថែម ដែលអនុញ្ញាតអោយដំណើរការនូវការបោះឆ្នោតជាកញ្ចប់ សភាជាតិបានសំ​រេចជ្រើសតាំងសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបានផ្តល់សច្ចានុមតិ​ដល់​រដ្ឋា​ភិ​បាលចម្រុះអា​ណត្តិទីបី រវាងគណបក្សប្រជាជន និងគណបក្សហ្វ៊ុនស៊ីនប៉ិច។

ថ្ងៃ ១៦ កក្កដា ឆ្នាំ ២០០៤ ក្នុងតំណែងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នៃនីតិកាលទី ៣ សម្តេច ហ៊ុន សែន បានដាក់ចេញនូវ “យុទ្ធសាស្ត្រចតុកោណដើម្បីកំនើន ការងារ សមធម៌ និងប្រសិទ្ធិ​ភាព” សំរាប់កម្ពុជា ជាការបន្តការអនុវត្តន៍នូវយុទ្ធសាស្ត្រត្រីកោណ ដែលសម្តេចបានដាក់ចេញពីអា​ណត្តិមុន។

ថ្ងៃ ២៣ វិច្ឆិកា ឆ្នាំ ២០០៥ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន បានសំរេចជាឯកច្ឆន្ទជ្រើសតាំងសម្តេច ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខជន សំរាប់តំណែងនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៤ នៃរដ្ឋសភា។

ថ្ងៃ ២៤ កញ្ញា ឆ្នាំ ២០០៨ បន្ទាប់ពីបានជោគជ័យក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០០៨ ដែលគណបក្សប្រជាជនទទួលបាន ៩០ អាសនៈ ក្នុងចំណោម ១២៣ អាសនៈ​ក្នុង​រដ្ឋ​សភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី ៤ និង​ចាត់​តាំងពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រនៃកម្ពុជា ជា​នាយករដ្ឋមន្ត្រីសំរាប់អាណត្តិ ៥ ឆ្នាំថ្មី (២០០៨ ដល់ ២០១៣)។

ថ្ងៃ ២៣ កញ្ញា ឆ្នាំ ២០១៣ សម្តេចតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំង ដោយរដ្ឋសភានីតិកាលទី ៥ និងបាន​ការ​យល់​ព្រម​ពីព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជា​នា​យក​រដ្ឋ​មន្ត្រី សម្រាប់រយៈពេលប្រាំឆ្នាំទៀត (២០១៣ ដល់ ២០១៨)។ ក្នុងការបោះឆ្នោតសកល ថ្ងៃ ២៨ កក្កដា ឆ្នាំ ២០១៣ គណបក្សប្រ​ជាជនបានឈ្នះសម្លេងភាគច្រើន ៦៨ អាសនៈ ក្នុងរដ្ឋ​សភា ដែល​មាន ១២៣ អាសនៈ។

ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៥ សន្និបាតគណកម្មាធិការកណ្តាលលើកទី ៣៨ អាណត្តិទី ៥ របស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតដោយផ្ទាល់ និងដោយសម្ងាត់ ជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ជំនួស សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលបានទទួលមរណភាព។

សមិទ្ធិផល ការសិក្សា គោរម្យងារ ពានរង្វាន់ និងមេដាយ

ដោយមើលឃើញពីការប្រឹងប្រែង និងការរួមចំណែកដ៏ធំធេងប្រកបដោយឆន្ទៈ ចំពោះបុព្វហេតុបង្រួប​បង្រួមជាតិ សន្តិភាព និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច លោក ហ៊ុន សែន ត្រូវបានព្រះមហាក្សត្រ នរោត្តម សីហនុ ប្រទានគោរម្យងារជា “សម្តេច” នាថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ១៩៩៤។ សម្តេចបានទទួលសញ្ញាបត្រជាច្រើន ដែលខ្លះបាន​ពី​​ការសិក្សា និងខ្លះទៀតបានពីបទពិសោធន៍ការងារ។

សម្តេច ហ៊ុន សែន បានទទួលសញ្ញាបត្រវិទ្យាសាស្ត្រនយោបាយពីស្ថាប័នឧត្តមសិក្សាកម្ពុជា និង​សញ្ញាបត្របណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយពីបណ្ឌិតសភាជាតិផ្នែកនយោបាយ​ ទីក្រុងហាណូយ នៅឆ្នាំ ១៩៩១។

ឆ្នាំ ១៩៩៥ លោក បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យា​ល័យកាលីហ្វ័រញ៉ាខាងត្បូង សំរាប់ការសិក្សាមុខជំនាញ និងនៅឆ្នាំ ១៩៩៦ បានទទួលសញ្ញាបត្រ​​​បណ្ឌិតកិត្តិយសផ្នែកច្បាប់ ពីមហាវិទ្យាល័យ វ៉ែសឡេយ៉ិន (Wesleyan) រដ្ឋអាយអូវ៉ា (Iowa) នៃ​សហរដ្ឋអាមេរិក។

ថ្ងៃ ០២ ធ្នូ ១៩៩៦ សម្តេច ហ៊ុន សែន ត្រូវបានបណ្ឌិតសភាសន្តិភាពពិភពលោក (World Peace Academy) ផ្តល់នូវពានរង្វាន់សន្តិភាពពិភពលោក។ ជាជនទី ១ នៅអាស៊ីខាងត្បូង ដែលបានទទួល​នូវមហាកិត្តិយសនេះ សម្តេចត្រូវបានបណ្ឌិតសភាសន្តិភាពពិភពលោក ផ្តល់ជូននូវគោរម្យងារបី គឺ ១) សម្បតិ្តវប្បធម៌មនុស្សជាតិ (Human Cultural Asset) ២ អគ្គរដ្ឋទូតគោចរដើម្បីសន្តិភាព (Roving Ambassador for Peace) និង ៣) សមាជិកសមាជសន្តិភាពពិភពលោក (World Peace Congressman)។

ថ្ងៃ ១០ មេសា ឆ្នាំ ២០០១ នាទីក្រុង សេអ៊ូល គណៈកម្មាធិការផ្តល់ពានរង្វាន់នៃសាលាថ្នាក់ក្រោយ ឧត្តមសិក្សានៃសាកលវិទ្យាល័យ Dankook ប្រទេសកូរ៉េខាងត្បូង បានសំរេចជូនសម្តេច ហ៊ុន សែន នូវ​សញ្ញាបត្រកិត្តិយសថ្នាក់បណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយ ជាការទទួលស្គាល់នូវការរួមចំណែក ធ្វើអោយបានប្រសើរឡើងវិញនូវសន្តិភាព និងស្ថេរភាពនៅកម្ពុជា ការធ្វើអោយបានប្រសើរឡើងវិញ ក្នុងទំ​នាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងការប្រឹងប្រែងរបស់សម្តេច ដើម្បី អោយ​មានសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីខាងកើត។

ថ្ងៃ ១៥ វិច្ឆិកា ឆ្នាំ ២០០១ សម្តេច ហ៊ុន សែន ត្រូវបានប្រគល់សញ្ញាបត្រកិត្តិយស ថ្នាក់បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រនយោបាយក្នុងវិស័យទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ រ៉ាមកំហែង នៃព្រះរាជា​ណាចក្រថៃ។

ថ្ងៃ ២២ ធ្នូ ឆ្នាំ ២០០១ ស្រ៊ី ជីនម៉យ នៃមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ បានបំពាក់ជូនសម្តេច ហ៊ុន សែន នូវមេដាយ “ការលើកកំពស់ពិភពលោកដោយបេះដូងមានភាពតែមួយ” ដើម្បីជាការ ទទួលស្គាល់នូវសមិទ្ធិផលលើគ្រប់វិស័យ ដែលសម្តេច ហ៊ុន សែន សំរេចបានជាគុណ ប្រយោជន៍ដល់ប្រជាជន និង​ប្រទេសកម្ពុជា។ ស្រ៊ី ជីនម៉យ បានរៀបរាប់ពីសម្តេច ហ៊ុន សែន ថាជា ឧបករណ៍ដ៏ឧត្តុង្គឧត្តមបំ​ផុត ដែលត្រូវបានព្រះពុទ្ធអង្គជ្រើសបញ្ជូនមក អោយជួយសង្គ្រោះប្រជា ពលរដ្ឋកម្ពុជារាប់លាននាក់​ពី​សេចក្តីស្លាប់ ផ្តល់អោយពួកគេនូវការសិក្សា ចំណីអាហារ និងជំរក អោយកសាងសំរាប់ពួកគេនូវសា​លារៀន មន្ទីរពេទ្យ និងប្រឡាយទឹក ហើយនាំកម្ពុជាចូលទៅជា សមាជិកប្រជាជាតិអាស៊ីភាគអាគ្នេយ៍។

ថ្ងៃ ០៦ សីហា ២០០២ សម្តេច ហ៊ុន សែន ត្រូវបានបណ្ឌិតសភាវិទ្យាសាស្ត្រធម្មជាតិដ៏ល្បីល្បាញនៃ​សហព័ន្ធរុស្ស៊ី ផ្តល់ជូននូវឋានៈជា សមាជិកពេញសិទ្ធិរបស់បណ្ឌិតសភា និងបានបំពាក់ជូននូវមេ​ដាយជាការទទួលស្គាល់ចំពោះស្នាដៃដឹកនាំរបស់សម្តេច ក្នុងការធ្វើអោយកម្ពុជាមានសន្តិភាព ស្ថេរ​ភាព និងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។

ថ្ងៃ ០៤ កញ្ញា ឆ្នាំ ២០០២ គណៈកម្មាធិការសហព័ន្ធវិស្វកម្មអាស៊ាន បានសំរេចផ្តល់ជូនសម្តេច ហ៊ុន សែន នូវគោរម្យងារថ្នាក់ខ្ពស់បំផុត និងជាលើកដំបូងរបស់ខ្លួន គឺ “វិស្វករកិត្តិយសដ៏ឧត្តុង្គឧត្តម” ដើម្បី​ជាការទទួលស្គាល់នូវមនសិការជាតិ និងសមត្ថភាពដឹកនាំក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុង ការស្តារ និង​អភិ​វឌ្ឍន៍លើគ្រប់វិស័យនៃសង្គមជាតិ និងការបើកលទ្ធភាពអោយបញ្ញវន្តវិស្វកម្មជាតិ បានចូលរួមក្នុង​ចលនាកសាង និងអភិវឌ្ឍន៍ជាតិ។

ថ្ងៃ ១០ មេសា ឆ្នាំ ២០០៤ អភិបាល និងព្រឹទ្ធបុរសនៃសាកលវិទ្យាល័យអន្តរជាតិអាយរីស (Irish International University) នៃសហភាពអឺរ៉ុប បានផ្តល់ សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យា​សាស្ត្រនយោបាយ ជូនសម្តេច ហ៊ុន សែន និងដើម្បីជាការទទួលស្គាល់ការរួមចំណែក និងសមិទ្ធិផល ជាច្រើន។ សាកលវិទ្យាល័យអន្តរជាតិ អាយរីស នៅបានផ្តល់ជាកិត្តិយសជូនសម្តេច នូវ មេដាយ Excellence 2004។

ថ្ងៃ ០៨ កក្កដា ឆ្នាំ ២០០៤ ​ដោយទទួលស្គាល់នូវការរួមចំណែក និងសមិទ្ធិផលសំរេចបានក្នុងការការ​ពារ ការកសាង និងការអភិវឌ្ឍន៍កម្ពុជា រួមដោយភាពជាអ្នកដឹកនាំ ដែលបង្ហាញថាមានចំណេះដឹង​ផ្នែកវិទ្យាសាស្ត្រនយោបាយជឿនលឿន ការកែទំរង់លើគ្រប់វិស័យ ពិសេសវិស័យអប់រំក្នុងកំរិតឧត្តម​សិក្សា និងការថែរក្សាការផ្សះផ្សារជាតិ ស្ថេរភាព និងសមាហរណកម្មតំបន់ សាកលវិទ្យាល័យកម្ពុជា បានសំរេចប្រគល់ជូន សម្តេច ហ៊ុន សែន នូវ សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រ​នយោ​បាយ។

ថ្ងៃ ១៥ កញ្ញា ឆ្នាំ ២០០៤ សម្តេច ហ៊ុន​ សែន ត្រូវបានទទួលស្គាល់ជា សមាជិកសមាគមមេធាវី​កម្ពុជា។

ថ្ងៃ ០៦ កញ្ញា ឆ្នាំ ២០០៥ ជាថ្មីម្តងទៀត ជាមួយនឹងការកោតសរសើរចំពោះការប្រឹងប្រែង មិនចេះនឿយ​ហត់ដើម្បីវឌ្ឍនភាពរបស់កម្ពុជា និងប្រជាជាតិអាស៊ានទាំងមូល Sri Chinmoy Centers International ប្រគល់ជូនសម្តេច ហ៊ុន សែន នូវពានរង្វាន់ខ្ពស់បំផុតរបស់ខ្លួន គឺ ពានរង្វាន់ U Thant។

ថ្ងៃ ២១ មិនា ឆ្នាំ ២០០៦ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ សាកលវិទ្យាល័យ Soon Chun Hyang នាទីក្រុងសេអ៊ូល បានប្រគល់ជូនសម្តេច ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិ​យសទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រនយោបាយ ដើម្បីគូសបញ្ជាក់ពីការដឹកនាំកសាងប្រទេសឡើងវិញ និងការបូជាអស់ពីកម្លាំងកាយចិត្ត ដើម្បីសន្តិភាព និងវិបុលភាព សំរាប់កម្ពុជា និងតំបន់អាស៊ីភាគ​អា​គ្នេយ៍ ពិសេស ចំពោះការយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ទំនងជាមិត្តភាព ជាមួយសាធារណរដ្ឋ កូរ៉េ។

ថ្ងៃ ២៨ មិថុនា ឆ្នាំ ២០០៦ ដោយយល់ និងគោរពចំពោះការរួមចំណែកសំខាន់ៗ ជាច្រើននៅក្នុងវិ​ស័យអប់រំ និងការប្តេជ្ញាប្រកបដោយទំនុកចិត្ត ធ្វើអោយមានសុខុមាលភាពជាក់ស្តែងជូនប្រជាជន​កម្ពុជា និងការធ្វើអោយទំនាក់ទំនងកម្ពុជា និងថៃ មានសភាពប្រសើរឡើង ក្រុមប្រឹក្សានៃសាកលវិទ្យា​ល័យរាជផាត់បានសម្តេចចៅប្រាយ៉ា បានសម្រេចជាឯកច្ឆន្ទ ប្រគល់ជូន សម្តេច ហ៊ុន សែន នូវសញ្ញា​បត្របណ្ឌិតកិត្តិយស ផ្នែកអប់រំសំរាប់ការអភិវឌ្ឍន៍មូលដ្ឋាន ជាការទទួលស្គាល់នូវតួនាទីរបស់សម្តេច ក្នុងការអភិវឌ្ឍន៍ប្រទេស តាមរយៈការអប់រំ និងរួមចំណែកពង្រឹងទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។

ថ្ងៃ ២៩ មករា ឆ្នាំ ២០០៧ យោងទៅលើការរួមចំណែកដ៏មានតម្លៃ ចំពោះការអភិវឌ្ឍន៍សង្គម និងសេដ្ឋ​កិច្ចរបស់កម្ពុជា ដែលធ្វើអោយមានការអភិវឌ្ឍន៍យ៉ាងលឿន និងលើច្រើនវិស័យ ក្រសួងអប់រំ និង​បណ្តុះបណ្តាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមដោយ សាកលវិទ្យាល័យជាតិក្រុងហា​ណូយ ប្រគល់ជូនសម្តេច ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំ។

ថ្ងៃ ២៧ កក្កដា ឆ្នាំ ២០០៧ សមាគមអ្នកមានវិញ្ញាបនបត្រការទូតពាណិជ្ជ (ACCD) ទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស ជាស្ថាប័នជំនាញអន្តរជាតិដំបូងគេនៃអ្នកការទូតមានវិញ្ញាបនបត្រ សំរេចទទួល​សម្តេច ហ៊ុន សែន អោយមានឋានន្តរៈសក្តិ អភ័យឯកសិទ្ធិ កិត្តិយស និងឋានៈ ជា “Chartered Diplomat” ដែលមានសិទ្ធជារៀងរហូត បន្ថែមនៅពីក្រោយឈ្មោះ ជាអក្សរ “C Dipl” ជាការឆ្លើយតប​ទៅនឹងជោគជ័យ និងការសំរេចបានតាមការតម្រូវរបស់ ACCD ប្រកបដោយសុច្ចរិតភាព ការប្តេជ្ញា និង​សមិទ្ធិផលលេចធ្លោ នៅក្នុងវិស័យការទូត និងការកសាងសន្តិភាព។

ថ្ងៃ ២១ កញ្ញា ឆ្នាំ ២០០៧ ជាថ្មីម្តងទៀត សមាគមអ្នកមានវិញ្ញាបនបត្រការទូតពាណិជ្ជ ផ្តល់ជូន​សម្តេច ហ៊ុន សែន នូវងារកិត្តិយស ជា អ្នកគាំទ្រវិជ្ជាជីវៈការទូតពាណិជ្ជកម្ម។

ថ្ងៃ ១២ តុលា ឆ្នាំ ២០០៧ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រោស​ព្រះ​រាជទាន គោរម្យងារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយទ្រង់យល់ សម្តេច ហ៊ុន សែន ជា មគ្គុទេសក៍ដ៏ល្អឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ ដឹកនាំ ប្រជាជាតិកម្ពុជាតាមរដ្ឋ​ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ កសាង បាននូវសន្តិភាពជាតិ ស្ថេរភាពជាតិ ឯកភាព​ជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ ការពារ លទ្ធិប្រជាធិបតេយ្យ និង មាន កិច្ច​សហប្រតិបត្តិការអន្តរជាតិល្អ ព្រមទាំង រក្សា និងការពារ បាននូវឯករាជជាតិ និងបូរណភាពទឹកដី តាមទស្សនវិស័យសង្គមរាស្រ្តនិយម ដឹកនាំកសាង និងគោរព ព្រះពុទ្ធសាសនា និងសាសនាផ្សេងៗ អោយមានការរីកចំរើន ព្រមទាំងមានស្វាម៉ីភក្តិ ចំពោះព្រះរាជបល្ល័ង្គ ការពារយុត្តិធម៌ ដើម្បីនិរន្តភាព រាជានិយម នៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃ ០៧ មករា ឆ្នាំ ២០០៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានអង្គការសភាអន្តរជាតិ ដើម្បីសុវត្ថិភាព និងសន្តិភាព (International Parliamentary for Safety and Peace – IPSP) ប្រគល់ គោរម្យងារ ជា ១) ព្រឹទ្ធសមាជិកមួយជិវិត និង ២) ឯកអគ្គរដ្ឋទូតដ៏ឆ្នើម នៃក្រុមប្រឹក្សាជាន់ខ្ពស់នៃ​គណៈប្រធានអង្គការ IPSP និងគោរម្យងារ សាស្ត្រាចារ្យកិត្តិយសក្នុងវិស័យទំនាក់ទំនងការតូត និងអន្តរ​ជាតិ ប្រគល់ជូនដោយ សាកលវិទ្យាល័យ Empresarial នៃប្រទេស Costa Rica ជាការគោរពចំពោះ​ទេព​កោសល្យ និងសមត្ថភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល បានឈរយ៉ាងអង់ អាចក្នុងសតវត្សទី ២០ សង្គ្រោះជីវិតមនុស្សរាប់លាននាក់ ប្រមូលកម្លាំង សប្បុរសធម៌ និងផ្ទាល់ខ្លួន រំដោះប្រជាជនពីទុក្ខវេទនា និងកំពុងថែរក្សាភាពចំរុងចំរើន សេរីភាព និង សុភមង្គល ដោយផ្តល់ជូនប្រ​ជា​ជនកម្ពុជាជាថ្មី នូវអនាគត វប្បធម៌ និងលទ្ធិប្រជាធិបតេយ្យ តាម រយៈទិវាជ័យជំនះ ០៧ មករា។

ថ្ងៃ ២៥ វិច្ឆិកា ឆ្នាំ ២០០៨ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានា​ធិបតី Choummaly Sayasone បំពាក់គ្រឿងឥស្សរយសមាសជាតិឡាវ ជូនសម្តេចតេជោ ហ៊ុន សែន ជាការទទួលស្គាល់ការប្រឹងប្រែងលើកកំពស់ទំនាក់ទំនង បង្កើតអោយមានលក្ខខណ្ឌល្អ ក៏ដូចជាអភិ​វឌ្ឍន៍សេដ្ឋកិច្ចសង្គម និងវប្បធម៌ រវាងឡាវ និងកម្ពុជា។

ថ្ងៃ ០៧ មករា ឆ្នាំ ២០០៩ នៅភ្នំពេញ ដោយទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ថ្លៃ​ថ្លាចំពោះការធ្វើអោយប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងសាធារណរដ្ឋកូរ៉េ និងព្រះរា​ជាណាចក្រកម្ពុជា គណៈកម្មាធិការសាលាឧត្តមសិក្សា នៃសាកលវិទ្យាល័យ Woosuk សំរេចប្រគល់ ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសេដ្ឋកិច្ច។

ថ្ងៃ ០៣ មិថុនា ឆ្នាំ ២០០៩ នាក្រុងសេអ៊ូល គណៈកម្មាធិការសាលាឧត្តមសិក្សា នៃសាកលវិទ្យាល័យ កូរ៉េ សំរេចប្រគល់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ដែលបានបំរើមនុស្សជាតិយ៉ាងធំ​ធេង ជារដ្ឋបុរស និងជាអ្នកនយោបាយ នូវសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្ត្រនយោបាយ យោងទៅលើតួនាទីដ៏សំខាន់ក្នុងចលនារំដោះកម្ពុជា ការសម្រុះសម្រួលជាតិ និងសន្តិភាព ការរួមវិ​ភាគទានដ៏ធំធេង អោយមានការអភិវឌ្ឍន៍នយោបាយ ការទូត និងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា ការពូនជ្រុំ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាង កម្ពុជា និងកូរ៉េ។

ថ្ងៃ ២១ ធ្នូ ឆ្នាំ ២០០៩ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់ តម្លើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃ កងយោធពល​ខេមរភូមិន្ទ ជូនសម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ដោយទ្រង់យល់ សម្តេច ហ៊ុន សែន ជា មគ្គុទេសក៍ដ៏ល្អឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ ដឹកនាំ ប្រជាជាតិកម្ពុជាតាមរដ្ឋ​ធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ កសាងបាននូវសន្តិភាពជាតិ ស្ថេរភាពជាតិ ឯក​ភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ ការពារ លទ្ធិប្រជាធិបតេយ្យ និង មានកិច្ច​សហប្រតិបត្តិ ការអន្តរជាតិល្អ ព្រមទាំង រក្សា និងការពារ បាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី តាមទស្សនវិស័យសង្គមរាស្រ្តនិយម ដឹកនាំកសាង និងគោរព ព្រះពុទ្ធសាសនា និងសាសនាផ្សេងៗ អោយមាន ការរីកចំរើន ព្រមទាំងមានស្វាមីភក្តិ ចំពោះព្រះរាជបល្ល័ង្គ ការពារយុត្តិធម៌ ដើម្បីនិរន្តភាព រាជានិយម នៃ ព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃ ៣ មេសា ឆ្នាំ ២០១០ ដោយទទួលស្គាល់សមិទ្ធិផលជាក់ស្តែងទាំងឡាយក្នុងការអនុវត្តន៍នយោ​បាយ​រំដោះជាតិ ការពារជាតិ បង្រួបបង្រួមជាតិ នាំមកនូវសន្តិភាពពិតប្រាកដជូនជាតិ និងគុណ​សម្បត្តិប្រសើរថ្លៃថ្លាក្នុងការផ្តល់អោយប្រទេស និងប្រជាជនកម្ពុជានូវគុណប្រយោជន៍ធំធេងក្នុងវិ​ស័យ សិក្សាស្រាវជ្រាវ បែបវិទ្យាសាស្ត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះរា​ជាណាចក្រកម្ពុជា ទ្រង់ប្រទានដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា សមាជិកពេញ​សិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជា មានគោរម្យងារជា បណ្ឌិតសភាចារ្យ។ តមក ថ្ងៃ ០១ មេសា ២០១១ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា ប្រទានការតែង​តាំង សម្តេចអគ្គមហាសេនាបតីតេជោ ជាប្រធានកិត្តិយសក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត​សភា​កម្ពុជា។

ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៥ ដោយទទួលស្គាល់ និងវាយតម្លៃជា អ្នកដឹកនាំប្រកបដោយ​គតិ​បណ្ឌិត អ្នកបង្រួបបង្រួមសន្តិភាព និងអ្នកដឹក​នាំ​កសាងប្រទេសតែមួយគត់នៅលើលោក មាន​ស្មារតី លះ​បង់ និង សំរេចបានជោគជ័យដ៏មហិមា ក្នុងការផ្លាស់ប្តូរប្រទេសកម្ពុជា ថ្នាក់ដឹកនាំជាន់​ខ្ពស់ និង​ក្រុមប្រឹក្សា ភិ បាល នៃ សាកលវិទ្យាល័យ លីមកុកវីង អហ្វ​ គ្រីអេធីវ តិចណូឡូ​ជី នៃ ម៉ាឡេស៊ី បាន​សំរេច​ប្រគល់ សញ្ញា​បត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំឆ្នើម” ជូន សម្តេច​អគ្គ​មហាសេនា​បតី តេជោ ហ៊ុន សែន។

ថ្ងៃ ១៥ តុលា ២០១៥ អមដំណើរទស្សនកិច្ចជាផ្លូវ ការនៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន ត្រូវបានសាកលវិទ្យាល័យក្វាងស៊ី សម្រាប់ប្រជាជាតិ ប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ ជាការទទួលស្គាល់ចំពោះ សមត្ថភាពលេចធ្លោក្នុងការដឹកនាំ ការធ្វើអោយឯក ភាពប្រទេស និងពូនជ្រុំទំនាក់ទំនងរឹងមាំ រវាងចិន និងកម្ពុជា។

ថ្ងៃទី ២៩ មីនា ២០១៦ ដោយទទួលស្គាល់ជាសកល ស្នាដៃនៃបុព្វហេតុកសាងសន្តិភាព ការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាពីក្រោមសូន្យ រហូតមានការរីកចម្រើនសព្វថ្ងៃ, ពិសេសការបើកសិទ្ធិសេរីភាពដល់អ្នកសារ ព័ត៌មាន, ទាំង Online ទាំងបណ្តាញទូរទស្សន៍, សហព័ន្ធអ្នកសារព័ត៌មានអាស៊ាន បានប្រគល់ជូន សម្តេចតេជោ ហ៊ុន សែន នូវពានរង្វាន់ “សន្តិភាព និងអភិវឌ្ឍន៍” របស់ខ្លួន។

ថ្ងៃទី ២២ មិថុនា ២០១៦, បណ្ឌិតសភាទេសចរណ៍អឺរ៉ុប នៃក្រុមប្រឹក្សាអឺរ៉ុបស្តីពីទេសចរណ៍ និងពា​ណិជ្ជ​កម្ម បានប្រគល់ងារជា សមាជិកបណ្ឌិតសភាកិត្តិយស ជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាការកោតសរសើរចំពោះគុណពិសេស ក្នុងការការពារតម្លៃនៃសហគមន៍ទេសចរណ៍, ការពារ​បរិ​ស្ថាន, ការអភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្ត និងការគាំទ្រការរីកចម្រើនរបស់សហគមន៍ តាមរយៈវិស័យទេស​ចរណ៍, លើកទឹកចិត្តចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិស្ថានប្រកបដោយការបើក​ចំហរ, ភាព​ត្រឹមត្រូវ, ពណ៌បៃតង, មានសុវត្ថិភាព និងផ្អែកលើវប្បធម៌ នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា, និង​សម្រាប់ការប្តេជ្ញា ក្នុងការសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអឺរ៉ុបស្តីពីទេសចរណ៍ និងពាណិជ្ជកម្ម និង​ការគាំទ្រឆ្ពោះទៅរកទេសចរណ៍ពិភពលោក ប្រកបទៅដោយនិរន្តរភាព, ក្រមសីលធម៌ និងបើកចំហរ។

ថ្ងៃ ០៦ សីហា ឆ្នាំ ២០១៦, ទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, វិទ្យាស្ថាន យុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ី (Asian Strategy and Leadership Institute – ASLI) បាន ប្រគល់ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវ “ពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត – the ASEAN Lifetime Achievement Award” ជាការវាយតម្លៃចំពោះការបំពេញតួនាទីជាប្រមុខរដ្ឋាភិបាល យូរជាងគេក្នុងបណ្តាប្រទេសអាស៊ាន, ធ្វើពលីកម្មសព្វបែបយ៉ាងនាំមកនូវសុខសន្តិភាព, ការឯកភាពទឹកដី, ការបង្រួបបង្រួមជាតិ និងការលុបបំបាត់ទាំងស្រុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រមទាំងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ទាំងខាងនយោបាយ សេដ្ឋកិច្ច សង្គម។ ពានរង្វាន់នេះ ក៏បង្ហាញពីការទទួលស្គាល់ចំពោះការរួមចំណែក និងវិភាគទានរបស់សម្តេចតេជោ ចំពោះការរីកចំរើន និងការកសាងសហគមន៍អាស៊ាន៕

ថ្ងៃ ២៥ មករា ឆ្នាំ ២០១៧, គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានសម្រេចផ្តល់ពានរង្វាន់ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC President’s Trophy” ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាការទទួលស្គាល់ការរួមចំណែកលេចធ្លោ និងការខំប្រឹងប្រែងអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ក៏ដូចជាបានជួយជំរុញចលនាអូឡាំពិក ឆ្ពោះទៅកសាងពិភពលោកមួយប្រកបដោយសន្តិភាព និងល្អប្រសើរតាមរយៈកីឡា និងឧត្តមគតិអូឡាំពិក។

បណ្តាញសង្គម

ក្រសួង/ស្ថាប័ន